ភ្នំពេញ៖ ក្រោយពីសម្តេច បួរ គ្រី បានតែងតាំងបុគ្គលពីរូប ធ្វើជាទីប្រឹក្សារបស់សម្តេចផ្ទាល់ ស្របពេលនោះ ធ្វើឲ្យមហាជនខ្លះមានការគាំទ្រ និងខ្លះទៀតមានការរិះគន់ផងនោះ ធ្វើឱ្យលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទ្រាំមិនបានក៏បានចេញមុខ បញ្ចេញមតិជុំវិញករណីនេះ ផងដែរ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា «មួយរយៈនេះ ខ្ញុំបានសង្កេតឃើញថា មានបងប្អូន អ្នកលេងបណ្តាញសង្គម នានាបានប្រតិកម្មទៅលើ សម្តេច បួរគ្រី ដែលបានយកបុគ្គលពីររូបមកធ្វើជា ទីប្រឹក្សារបស់ព្រះអង្គ ការពិតទៅបងប្អូនពុំគួរមាន ការមិនពេញចិត្តលើរឿងនេះឡើយ ដោយហេតុថា សម្តេចទ្រង់មិនមែនចេះ តែយកនូវយោបល់របស់ ទីប្រឹក្សារបស់ទ្រង់ មកអនុវត្តលើវិថី ព្រះពុទ្ធសាសនា នោះទេ ហើយការតែងតាំងទីប្រឹក្សា ក៏ពុំគួររើសអើងនោះដែរ ពីព្រោះគ្មាននរណាម្នាក់ចេះគ្រប់10ឡើយ ម្យ៉ាងវិញទៀត សាសនាព្រះពុទ្ធ ឬក៏ព្រះពុទ្ធផ្ទាល់ គឺ ជាអ្នកប្រោសសត្វលោក ពីងងឹតមកភ្លឺ ពីអាក្រក់មកល្អ ដោយព្រះអង្គមិនបានរើសអើងសត្វលោកណាមួយទេ រហូតដល់ព្រះអង្គបានប្រោសអង្គលីមាល៍ជាអ្នកសម្លាប់ មនុស្សរាប់ពាន់នាក់ ឯណោះ ប៉ុន្តែព្រះអង្គនៅតែប្រោស ដូច្នេះសម្រាប់បុគ្គល2រូបនេះ អាចជារឿងល្អវិញនៅពេល ក្លាយខ្លួនជាទីប្រឹក្សារបស់សម្តេច បួរ គ្រី ដោយហេតុថា ពួកគេនឹងកែទម្លាប់មិនល្អចេញ ដើម្បីឲ្យសមនឹងឋានៈខ្លួន
ដែលសម្តេច បួរ គ្រី បានប្រទានឲ្យ។ ក្នុងព្រះពុទ្ធសាសនា គួរសិក្សាពីខ្លឹមសាររបស់ព្រះពុទ្ធដែលបន្សល់ទុកឲ្យច្បាស់ ដើម្បីកុំឲ្យដើរស្អប់គ្នា ឈ្នានីសគ្នា និងរើសអើងគ្នាទៀត។ សូមអស់យោបល់ប៉ុណ្ណឹងចុះ ? សមព្រះពុទ្ធសាសានា គង់នៅជានិច្ចនិរន្តតទៅ សូមឲ្យព្រះពុទ្ធសាសនារីកចម្រើន»៕