ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា ប្រហែលមួយភាគបួន នៃចំនួនតួរលេខកូនគ្រាប់បែកចង្កោមពី ២៦លានទៅ៣០លានគ្រាប់ ដែលបានទម្លាក់លើទឹកដីកម្ពុជា មិនទាន់ផ្ទុះនៅឡើយទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កក្កដានេះ លោក ហេង រតនា បានឲ្យដឹងថា គ្រាប់បែកចង្កោមជាសំណល់ យុទ្ធភណ្ឌ័ពីសង្គ្រាមមួយប្រភេទនៅកម្ពុជា បរិមាណកូនគ្រាប់បែកចង្កោមតិចឬច្រើន ដែលទម្លាក់នៅទីតាំងនិមួយៗ គឺទៅតាមប្រភេទមេគ្រាប់បែក ដែលដឹកតាមប្រភេទយន្តហោះ ទម្លាក់គ្រាប់បែកនានា ដោយអាចមានចំនួនពីជាង ៤០០កូនគ្រាប់បែកចង្កោម ទៅជិត៧០០គ្រាប់ក្នុងគ្រាប់បែកធំមួយ! ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោម មួយគ្រាប់អាចកំទេចសត្រូវនៅលើដីទំហំផ្ទៃក្រឡា ២០មx២០ម ឬ ១២០មx២៤០ម ដោយអាស្រ័យលើកំពស់ទម្លាក់ និងកំរិតស្ថានភាពផ្ទុះរបស់ កូនគ្រាប់បែកចង្កោមនិមួយៗ។
អគ្គនាយកស៊ីម៉ាក់បញ្ជាក់ថា «នៅចំពោះមុខនេះបើយោងតាម ឯកសារនានាយើងដឹងថា ចំនួនតួរលេខនៃកូនគ្រាប់បែកចង្កោមនេះពី ២៦លានទៅ៣០លាន ត្រូវបានប្រើប្រាស់លើទឹកដី នៃព្រះរាជាណាចក្រដ៍តូចមួយនេះ។ បើយោងតាមបទពិសោធន៍របស់យើង អាចវាយតំលៃបានថា ប្រហែលមួយភាគបួននៃកូនគ្រាប់បែកចង្កោម ទាំងនេះទម្លាក់មក មិនទាន់ផ្ទុះនោះទេ បើផ្អែកតាមការកំណត់ពី រោងចក្រផលិតគ្រាប់បែកនេះ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ៥% ។
លោកសង្កត់ធ្ងន់ថា ការកំណត់កំរិតកំហុសមិនផ្ទុះ នៃកូនគ្រាប់បែកចង្កោមរបស់អ្នកផលិត និងអ្នកប្រើមិនដូចគ្នាទេ ហើយអ្នកវេទនាគឺអ្នកទទួលរង ការទម្លាក់លើ បើវាផ្ទុះគ្រោះថ្នាក់ស្លាប់/របួសពេលទម្លាក់ តែប្រសិនបើកូនគ្រាប់បែកចង្កោម មិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយអាចបន្តបង្កផ្ទុះគ្រោះថ្នាក់ ដល់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅពេលណាមួយដែលមានការប៉ះទង្គិចវា ៕