មេបក្សយុវជនកម្ពុជា៖ ដៃម្ខាងជ្រោងសង្រ្គោះជីវិតលោក ផល្លា រីឯដៃម្ខាងទៀតជ្រោងជីវភាពក្មេងកំព្រា ៨០នាក់

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ដៃម្ខាងជ្រោងសង្រ្គោះជីវិតលោក ផន ផល្លា រីឯដៃម្ខាងទៀតជ្រោងជីវភាពក្មេងកំព្រា ៨០នាក់ ដែលលោកផល្លាទទួលចិញ្ចឹម ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១ កក្កដានេះ លោក ពេជ្រ ស្រស់ បានសរសេរថា «ដៃម្ខាងជ្រោងសង្រ្គោះជីវិតលោក ផល្លា រីឯដៃម្ខាងទៀត ជ្រោងជីវភាពក្មេងកំព្រា 80នាក់ ដែលផល្លាទទួលចិញ្ចឹម
វាហត់បន្តិចមែន រន្ធត់បន្តិចមែន ប៉ុន្តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ពីព្រោះក្នុងតួនាទីជាមេ គឺ ត្រូវផ្តល់ភាពកក់ក្តៅដល់កូនៗ គ្រប់កាលៈទេសៈ និង លះបង់គ្រប់យ៉ាង ដើម្បីពួកគេមានសេចក្តីសុខ។ ខ្ញុំមិនហត់និងការជួយទេ» ។

សូមបញ្ជាក់ផងដែរថា លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា ដែលឆ្លងជំងឺកូវីដ១៩ កម្រិតធ្ងន់ ពេលនេះបានធូរស្រាលច្រើនហើយ ។

យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១ កក្កដានេះ បានសរសេរថា «សូមជូនពរលោក ផន ផល្លា ឆាប់បានជាសះស្បើយ ពីជំងឺកូវីដ១៩ ។ រូបភាពនោះគឺនៅ មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ព្រីមមៀរសែនសុខ នៅជិតផ្សារទំនើបអ៊ីអន២» ។

សូមរំលឹកថា កាលពី​​ថ្ងៃ​ទី​២៧ មិថុនា លោក​ ផន ផល្លា បានប្រកាសថា លោកធ្វើតេស្ត​ ៤​ដង​ទើប​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ៕