ពិតជាឈាមស្រែក ស្បែកហៅមែន! ឃាតករ កាប់សម្លាប់លោកយាយ អាយុ៧៤ឆ្នាំ ព្រោះរឿងព្រំដែន ត្រូវចាប់បានហើយ

0

ភ្នំពេញ៖ ពិតជាឈាមស្រែកស្បែកហៅរកមែន ទីបំផុតជនដៃដល់ ដែលបានធ្វើសកម្មភាព យកពូថៅកាប់សម្លាប់ លោកយាយវ័យ៧៤ឆ្នាំ យ៉ាងសាហាវនោះ ក្រោយពីរត់គេចខ្លួន បានចំនួន០២ថ្ងៃ ដាច់បាយក្រហាយទឹក បានដើរមកបាយស៊ី នៅនឹងផ្ទះជាប់អន្ទាក់នគរបាល។ ការចាប់ឃាត់ខ្លួនជននេះ បានធ្វើឡើង នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះជនដៃដល់តែម្តង ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ក្រោយពីកើតមានអំពើ ឃាតកម្មយ៉ាងព្រៃផ្សៃ បានកើតឡើងនៅវេលាម៉ោង១២នឹង០៥នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ទៅលើជនរងគ្រោះឈ្មោះសួ សួង ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចមក ជនសង្ស័យជាឃាត.ក បានរត់គេចខ្លួនបាត់។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះនិងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ចុះស៊ើបអង្កេតស្រាវជ្រាវនិងលួចពួនចាំឃ្លាំមើលនៅជិតផ្ទះជនល្មើស រហូតដល់វេលាម៉ោង០៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ បានដើរមកផ្ទះ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីរកបាយស៊ី ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលយើងដែលនៅឃ្លាំមើលទីនោះ ចាប់ឃាត់ខ្លួនភ្លាមៗ និងស្រាវជ្រាវរកឃើញពូថៅពុះអុសលាក់ទុកនៅនឹងផ្ទះជាវត្ថុតាង ដែលជនដៃដល់កាន់ទៅកាប់លើជនរងគ្រោះនោះផងដែរ។

លោកអធិការបានបញ្ជាក់ថា ទាក់ទិននឹងករណីឃាតកម្មនេះកើតឡើងនេះ ក៏ព្រោះតែជនដៃដល់ជាឃាត.ក មានទំនាស់ក្នុងរឿងព្រំដីជាប់គ្នា ជាមួយស្ត្រីរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ កកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕