មិនធម្មតា! ខ្លាលឿងមាស ប្រភេទសត្វកម្រ នៅលើពិភពលោក មានវត្តមាន នៅកម្ពុជា

0

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យរូបភាព ដែលមន្ត្រីជំនាញ ប្រមូលបានពីម៉ាស៊ីន​ថតស្វ័យប្រវត្តិ ពីឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាស ដែលជាប្រភេទសត្វខ្លា កម្រនៅលើពិភពលោក។ នេះបើយោងតាមក្រសួងបរិស្ថាន។

ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូច ស្ថិតក្នុងត្រកូលខ្លាទាំង៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ថា យោងតាមទិន្នន័យរូបភាព និងលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់មន្ត្រីជំនាញ នៃក្រសួងបរិស្ថាន ឧទ្យានជាតិវីរៈជ័យដែលជាឧទ្យាន បេតិកភណ្ឌធម្មជាតិ អាស៊ានជាតំបន់ ដែលសម្បូណ៌ជីវៈចម្រុះ ក្នុងនោះប្រភេទសត្វព្រៃជាច្រើន ដែលជាប្រភេទសត្វ កម្រត្រូវបាន រកថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សធម្មជាតិ ដីគោក ខាងកើត ទន្លេមេគង្ក នៃក្រសួងបរិស្ថាន បានដាក់រយៈពេល ៣ ខែពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១។

បើតាមលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សធម្មជាតិ ដីគោកខាងកើត ទន្លេមេគង្គ ខ្លាលឿងមាស មានទម្ងន់ប្រមាណ ៩-១៦ គីឡូក្រាម ហើយភាគច្រើនស៊ីពពួកសត្វដង្កេរ (ដូចជាកំប្រុក កណ្តុរ កង្ហិច កង្ហែន) សត្វស្លាប ល្មូន ក្តាន់ញ៉ែង ពពួកពានរ ហើយជួនកាលសត្វឈ្លូសជាចំណី។ ខ្លាលឿងមាសភាគច្រើន រស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិ មួយចំនួន នៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ មិនមានការសិក្សាស្រាវជ្រាវច្រើនទេពីប្រភេទសត្វនេះ។

លោក ពិន ច័ន្ទរតនា បានឱ្យដឹងថាតាមការ សិក្សាស្រាវជ្រាវ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានខ្លាធំ ឬខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លាពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លាលឿងមាស (Asiatic golden cat) ខ្លាភ្ញីថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និងឆ្មាដាវ (Leopard cat)។

ទាក់ទងនឹងកិច្ចការស្រាវជ្រាវ ប្រភេទសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិនេះត្រូវបានរដ្ឋលេខាធិការ ក្រសួងបរិស្ថានឱ្យដឹងថា វត្តមានខ្លាលឿងមាស ត្រូវបានកត់ត្រា តិចតួចបំផុត ព្រោះជាប្រភេទសត្វកម្រ ក្នុង ចំណោមត្រកូល សត្វខ្លាទាំង៨ ប្រភេទ។ គេធ្លាប់ឃើញវត្តមាន សត្វខ្លាលឿងមាសនៅក្នុង ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងក្នុងតំបន់ជួរភ្នំក្រវ៉ាញ ហើយចុងក្រោយនេះ គឺសត្វខ្លាលឿងមាស ដែលជាប្រភេទសត្វកម្រ បានរកឃើញនៅឧទ្យានជាតិវីរៈជ័យ ដែលបង្ហាញថាសត្វខ្លាលឿងមាស បន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

លោក នេត ភក្រ្តា បានថ្លែងថា ការសិក្សាស្រាវជ្រាវ ពីដើម្បីប្រមូលយកនូវ ទិន្នន័យសំខាន់ៗ អំពីវត្តមានសត្វព្រៃ និងដើម្បីរៀបចំការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ។

លោក នេត្រ ភក្ត្រា បានថ្លែងថា តំបន់គ្រប់គ្រងក្នុងតំបន់ ការពារធម្មជាតិមាន ៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ ហើយការកំណត់បែងចែក តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ ដោយមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងកំណត់ឱ្យ បានច្បាស់លាស់ អំពីក្របខ័ណ្ឌគតិយុត្ត ការងារគ្រប់គ្រង បច្ចេកទេស និងផ្អែកលើបទពិសោធន៍ និងការអនុវត្តល្អៗពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ទាំងនេះសំដៅធានាឱ្យបាន នូវប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រង និងអភិរក្សប្រព័ន្ធ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ បង្កើនកម្រិតជីវភាព របស់សហគមន៍មូលដ្ឋាន កាត់បន្ថយការពឹងផ្អែក អាស្រ័យលើផលព្រៃឈើ និងធានាបាននូវតុល្យភាព រវាងការបំភាយ និងការស្រូបឧស្ម័នផ្ទះកញ្ចក់ ពីវិស័យព្រៃឈើ៕