ចាប់បានចោរឆក់ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ នៅខណ្ឌទួលគោក

0

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨:០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ០១នាក់ ជាក់ស្ដែងពី បទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ របស់ជនបរទេស ០១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០២ ផ្លូវលេខ៦០៦ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៅ ថា ហៅ ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ តាមចំយ៉ាបមុខផ្ទះរបស់គេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ដែកសំប៉ែតកែច្នៃ សំរាប់កាច់បំបែកគ្រាប់ សោរម៉ូតូចំនួន០១ និងសោរទីបលេខ៨ចំនួន០១ (ចាប់យកពីជនសង្ស័យឈ្មោះ សៅ ថា ) ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជាជនជាតិបរទេស ភេទប្រុស អាយុ ប្រហែល ៣៨ឆ្នាំ (ប៉ែកខាងអឺរ៉ុប) (ក្រោយពេលកើតហេតុ បានយកទូរស័ព្ទដៃ ពីជនសង្ស័យទៅវិញ រួចចាកចេញ ទៅបាត់មិនបានដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ចយើងទេ)។

ដំណើររឿងហេតុ​ : នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨:០៥នាទី ជនរងគ្រោះឈ្មោះ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិបរទេស ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ (ប៉ែកខាងអឺរ៉ុប) បានឈរកាន់ទូរស័ព្ទដៃ០១គ្រឿង មិនចាំម៉ាកឈរនិយាយ នៅមុខផ្ទះលេខ០២ ផ្លូវលេខ៦០៦ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ សៅ ថា ហៅ ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យឈ្មោះ អាលី ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅមិនចាំស្លាកលេខ ដោយជនសង្ស័យឈ្មោះ អាលី ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ សៅ ថា ហៅ ថា ជាអ្នកជិះពីខាងក្រោយ ដោយឃើញឱកាសល្អ ពេលនោះជនសង្ស័យឈ្មោះ សៅ ថា ក៏បានចុះពីលើម៉ូតូរួច​ដើរទៅធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះ បានសម្រេចហើយ ពេលនោះជនរងគ្រោះ ក៏បានស្រែកថាចោរៗ ស្រាប់តែមានអ្នកដំណើរម្នាក់ឈ្មោះ រឿន ខេមរ: ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បានឃើញសកម្មភាពឆក់ជាក់ស្ដែង ក៏បានជិះម៉ូតូដេញតាម ពីក្រោយស្រែកថាចោរៗ ពេលនោះជនសង្ស័យឈ្មោះ សៅ ថា ក៏បានបោះទូរស័ព្ទ ទៅឲ្យជនរងគ្រោះ ជាជនបរទេសវិញ រួចហើយរត់គេចខ្លួន ភ្លាមនោះ ក៏ត្រូវបានអ្នកដំណើរឈ្មោះ រឿន ខេមរ: បានជិះម៉ូតូដេញតាម ចាប់ឃាត់ខ្លួន បានជនសង្ស័យឈ្មោះ សៅ ថា បានម្នាក់ ចំណែកជនសង្ស័យឈ្មោះ អាលី ជាបក្សពួកបើកម៉ូតូបានជិះម៉ូតូគេចខ្លួនបាត់ទៅ ។

ចំណែកឯជនរងគ្រោះ ជាជនបរទេសបានយកទូរស័ព្ទដៃ របស់ខ្លួនទៅវិញ រួចចាកចេញទៅបាត់ ដោយមិនបានដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ចយើងទេ។ ចំណែកជនសង្ស័យឈ្មោះ សៅ ថា ក៏ត្រូវបានកម្លាំងសមត្ថកិច្ច បានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបញ្ជូនសំណុំរឿងទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕