ភ្នំពេញ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស(ប្រើដែកគន្លាស់ និងកូនកាំបិតចុងស្រួចភ្ជង់ក របស់ជនរងគ្រោះ រួចប្លន់យកលុយនិងទូរស័ព្ទដៃ០១គ្រឿង) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមស្នងការនគរបាលរាជធាំនីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៥:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើដែកគន្លាស់ និងកូនកាំបិតចុងស្រួច ភ្ជង់ក របស់ជនរងគ្រោះរួចប្លន់យកលុយ និងទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះ លេខ១៤ ផ្លូវលេខ២០២ ក្រុមទី៥ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០២:៥០នាទី រំលងអាធ្រាត្រ ។
ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើចំនួន០៣ទីតាំងផ្សេងគ្នា ដោយស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់៖
ទី១-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី ជនជាតិខ្មែរ ឃាត់នៅចំណុចមុខសាលាបឋមសិក្សាបឹងសាឡាង ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១១:០០នាទី ។
ទី២-ឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាល ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២:០០នាទី ។
ទី៣-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៤:០០នាទី ។
វត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៍ស ពាក់ស្លាក លេខ ភ្នំពេញ 1IN-5793 ដែលមានលេខតួ និងលេខម៉ាស៊ីន: 82049165 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព (ចាប់យកពីឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ) ។
ជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១៤ ផ្លូវលេខ២ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សំភារ:បាត់បង់របស់ជនរងគ្រោះមានកាបូបស្ពាយមួយក្នុងកាបូបមាន: ប្រាក់ដុល្លារចំនួន២០០$ (ពីររយដុល្លារសហរដ្ឋអាមេរិច ) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone X ពណ៍ខ្មៅ ០១គ្រឿង (ជាសំភារ:របស់ជនរងគ្រោះដែលក្រុមជនសង្ស័យប្រើដែកគន្លាស់និងកូនកាំបិត ភ្ជង់ប្លន់យកទៅបាត់ ។
បច្ចុប្បន្នជនសង្ស័យទាំង៣ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់ ៕