ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១០លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើន បំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
ជាងនេះទៅទៀត រាជរដ្ឋាភិបាល នឹងសម្រេចការចាក់ វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។ជាមួយគ្នានេះ បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់ មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩ ផងដែរ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,៨០៣,១៦៩នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៨.០៣% ហើយ៕