ភ្នំពេញ៖ រកឃើញព្រះសង្ឃជាច្រើនអង្គ គង់នៅវត្តទួលទ្រាត្បូង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្លងកូវីដ១៩ ខណៈព្រះសង្ឃប្រមាណ ១៥០អង្គទៀត ដែលគង់ក្នុងវត្ត បាននិងកំពុងធ្វើចត្តាឡីស័ក ។
កាលពីយប់ម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះទៅពិនិត្យភ្លាមៗ បន្ទាប់ពីទទួលដំណឹងថាមានព្រះសង្ឃ ១១អង្គ រកឃើញវិជ្ជមានកូវីដ១៩ នៅវត្តទួលទ្រាត្បូង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ។
ដោយឡែកនាព្រឹកថ្ងៃទី២៥ មិថុនានេះ បានបន្តតេស្តឃើញវិជ្ជមានកើនឡើង ជាបន្តបន្ទាប់បន្ថែមទៀត លោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះទៅសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ទៅប្រគេនព្រះសង្ឃកំពុងអាពាធ ដោយជំងឺកូវីដ១៩ និងព្រះសង្ឃទាំងអស់ សរុបប្រមាណ១៥០អង្គ ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តទួលទ្រាត្បូងនេះ ៕