ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាល នៅមណ្ឌលសុខភាព ដោយករណីហិង្សាក្នុង ជម្លោះពាក្យសម្តីក្នុងវង់ផឹកស៊ី ស្ថិតនៅចំណុចផ្ទះរបស់ម្ចាស់ឈ្មោះ សល់ សៅ ភេទប្រុស អាយុ ៣៩ឆ្នាំ ក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនៃអធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន ពីលោកអនុភូមិបត់រំដួល អំពីករណីហិង្សាដោយចេតនា នៅចំណុចខាងលើ កម្លាំងប៉ុស្តិ៍ចំនួន ៣នាក់ សហការជាមួយកម្លាំងអធិការដ្ឋានចំនួន ២នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង នាង អធិការរងទទួលផែនគ្រឿងញៀន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ និងពិនិត្យ ព្រមទាំងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ឹម គា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបានប្រើអំពើហិង្សាដោយចេតនា យកដំបងនិងកាំបិតកាចែត វាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះ លោត ភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ.ឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួលចំក្បាលចំនួនពីរកន្លែង ផ្នែក ខាងឆ្វេង ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលសុខភាព តាសាស់ ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាល ។
លោកអធិការបានបន្តថា ក្រោយពេលពិនិត្យកន្លែងកើតហេតុ នឹងការបំភ្លឺរបស់ជនរងគ្រោះ និងជនសង្ស័យ ករណីរឿងនេះគឺបណ្តាលមកពី ផឹកស៊ីទាស់ពាក្យសម្តីគ្នា ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច នគរបាលស្រុកតាលោសែនជ័យ នាំខ្លួន រួមនឹងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីបំពេញបែបបទ តាមនីតិវិធីច្បាប់ ៕