ប្ដីដើមដកកាំភ្លើងភ្ជង់ក្បាល ប្រពន្ធ និងប្តីចុង គ្រាន់តែមកសុំយកកូនស្រីទៅផ្ទះវិញ

0

ភ្នំពេញ​៖​ គ្រាន់តែប្រពន្ធ និងប្ដីចុង មកសុំយកកូនស្រី ដែលប្ដីដើមនាំមកលេងបាត់ដំណឹងជាច្រើនថ្ងៃ ត្រឡប់ទៅផ្ទះវិញ ត្រូវប្ដីដើមដកកាំភ្លើងខ្លីភ្ជង់ក្បាល គំរាមរកបាញ់សម្លាប់ប្តីចុង ​។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង​ ១១៖៤០នាទីព្រឹក ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

ស្ត្រីជាប្រពន្ធមានឈ្មោះ​ គួង​ រ៉ាទី​ អាយុ​ ៣០ឆ្នាំ​ មុខរបរ​លក់អីវ៉ាន់​។ ចំណែកប្តីចុងមានឈ្មោះ​ ចន​ ម៉េងហ៊ាវ​ អាយុ​២៨ឆ្នាំ​ មុខរបរ​លក់អីវ៉ាន់​ ស្នាក់នៅផ្លូវ​វេងស្រេង​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ រីឯបុរសជាប្តីដើមឈ្មោះ​ គង់​ សារ៉ុន​ អាយុ​ប្រហែលជា​ង៣០ឆ្នាំ មុខរបរ​មន្ត្រីយោធា​ ស្នាក់នៅក្នុងភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

បើតាមសម្ដីប្តីចុង បានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ​ ពួកគាត់បានធ្វើដំណើរចេញពីផ្ទះ​ ដើម្បីមកយកកូនស្រីដែល កំពុងរស់នៅជាមួយអតីតប្តី​ ដោយបានសុំយកកូនស្រីមកលេងផ្ទះរបស់ខ្លួន​ ហើយមានរយៈពេលជាច្រើនថ្ងៃមកហើយ​ មិនឃើញកូនស្រីត្រឡប់ទៅផ្ទះវិញ។ លុះមកដល់ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ រូបខ្លួននិងប្រពន្ធបាននាំគ្នា មកយកកូនស្រីដើម្បីត្រឡប់ទៅផ្ទះវិញ។ ខណៈពេលទៅដល់​ក៏បាន ជួបជាមួយនឹងប្រពន្ធរបស់អតីតប្តី​ប្រពន្ធខ្លួន រួចក៏បាននិយាយប្រាប់ថា​ ពួកខ្លួនមកសុំយកកូនស្រី របស់ខ្លួនត្រឡប់ទៅផ្ទះវិញ​ តែភ្លាមៗនោះ​ ប្រពន្ធអតីតប្តីក៏បានប្រាប់ថា​ ចាំខ្លួនទៅនិយាយជាមួយប្តីសិន​។ ក្រោយមក​ អតីតប្តី​ ក៏បានហៅអតីតប្រពន្ធឲ្យចូលទៅខាងក្នុងផ្ទះ​ ស្រាប់តែពេលនោះ​ប្រពន្ធ របស់អតីតប្តីបានបិទទ្វាររបង​ចាក់សោ រួចអតីតប្តីក៏បានទាញកាំភ្លើង មកភ្ជង់ក្បាលរបស់ខ្លួន​ដែលជាប្តីចុង ដោយបានគំរាមសម្លាប់ចោលតែម្តង។ ក្រោយពីបានឮសម្តីនេះរួចមក​ ពួកខ្លួនក៏បាននាំគ្នារត់ចេញពីក្នុងផ្ទះ​ និងបានរាយការណ៍ ទៅកាន់អាជ្ញាធរមូលដ្ឋាន​ ដើម្បីឲ្យចុះមកជួយធ្វើអន្តរាគមន៍។ ពេលទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ​ បានចុះទៅដល់ទីតាំងដើម្បី ធ្វើការសម្របសម្រួល​គ្នា ៕