ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ យកមកសួរ នៅការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការខេត្តចាត់ការ បន្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី គាស់បន្ទប់យក លុយជាង១ម៉ឺនដុល្លារ។
ហេតុការណ៍ឃាត់ខ្លួនប្តីហេងសយ នៅវេលាម៉ោង១៤នឹង៣០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះ ជនរងគ្រោះក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរគក់ជេរថយន្ត មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកស្នងការរងបន្តថា ជនសង្ស័យបានប្រព្រឹត្តិ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ស័ង្កសី) កាលពីវេលាម៉ោង១០នឹង០០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោក បានបន្ថែមថាដោយយោងតាមពាក្យបណ្តឹង ជនរងគ្រោះ ឈ្មោះ បឿ ឈុននី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរអ៊ុតសក់ នៅផ្សារកណ្ដាល រស់នៅបច្ចុប្បន្ន ភូមិ-ឃុំ កើតហេតុខាងលើចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
លោកស្នងការរង បានបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានចាក់សោរទ្វាផ្ទះ ទុកចោល ហើយទៅមើលម្តាយឈឺ នៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានស្នាមគាស់ និងរើកកាយនៅក្នុងបន្ទប់ដេក របស់ជនរងគ្រោះ ដោយបាត់បង់ នូវប្រាក់ដុល្លារ ចំនួន១២៤០០ដុល្លារ, ខ្សែកមាស ០១ ខ្សែ ទម្ងន់ ១តម្លឹង (ទ្រព្យសម្បត្តិទាំងអស់ របស់ជនរងគ្រោះដាក់ក្នុងស្រោម ខ្នើយក្នុងបន្ទប់ដេក)។ បន្ទាប់មកនៅថ្ងៃទី២៣ ខែមិថុនា ក៏មកប្តឹងរាយការណ៍ជូនសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ តែម្តង។
លោកបានបន្ថែមទៀតថា ក្រោយពេលទទួល ពាក្យបណ្តឹងហើយ លោកបានឱ្យលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះបានស្រាវជ្រាវ និងស៊ើបអង្កេត ទៅលើសង្ស័យឈ្មោះ យ៉ែម សំណាង ត្រូវជាប្តីចុងរបស់ជនរងគ្រោះ នៅវេលាម៉ោង១៥នឹង០០នាទី អាធ្រាត្រចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ហើយកម្លាំងយើងបាននាំ ឈ្មោះ យ៉ែម សំណាង យកមកធ្វើការសាកសួរ នៅការិយាល័យជំនាញ។
តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាព ដូចករណីខាងលើនេះ ពិតប្រាកដមែន កាលវេលាម៉ោង១០នឹង០០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយឃើញជនរងគ្រោះមិននៅផ្ទះ (ប្រពន្ធចុងរបស់គាត់) គាត់ក៏បានចូលធ្វើសកម្ម ភាពដោយយកដង្កាប់ កាត់ស័ង្កសីបង្អួច ហើយលូកដៃបើកគន្លឹះទ្វារចូលបន្ទប់ ជនរងគ្រោះហើយ ធ្វើសកម្មភាព លួចយកប្រាក់ដុល្លាចំនួន១១២០០ដុល្លារ និង ខ្សែកមាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញ រថយន្តក្រោយពេលធ្វើសកម្មភាពហើយ ខ្លួនបានយកប្រាក់ និងខ្សែក ទៅផ្ញើរប្រពន្ធដើម នៅខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកវត្ថុតាង ត្រូវបានកម្លាំងនគរបាល ការិយាល័យជំនាញ ប្រគល់ឱ្យជនរងគ្រោះ ទាំងកណ្តាលអាធ្រាត្រ ប៉ុន្តែបាត់លុយដុល្លារខ្លះ ៕