ភ្នំពេញ៖ ក្មេងទំនើង២នាក់ ដែលកាន់ដាវបង្ហោះ តាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំង នគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។
មន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា ក្រោយមានការបង្ហោះ រូបភាពកាន់ដាវ តាមបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក របស់ក្មេងប្រុសទាំង២នាក់នេះ លើអាខោនឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នោះ និងមានការស៊ែ ចែករំលែកតគ្នា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំអោយកម្លាំងនគរបាលជំនាញ ស្រាវជ្រាវចាប់ខ្លួន ក្មេងទាំង២ នេះអោយបាន។
ដោយអនុវត្តន៍ តាមបទបញ្ជានិងការណែនាំ ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំង អធិការនគរបាលស្រុក ជាំក្សាន្តនិងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ និងដកហូតដាវចំនួន២ដើម និងនាំមកកាន់អធិការដ្ឋាន នគរបាល ស្រុកជាំក្សាន្ត។
ករណីខាងលេីនេះ សមត្ថកិច្ច ឃាត់ខ្លួនរួមមាន៖
ទី១.ឈ្មោះ ឡន ឡោ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកសិករ និងទី២ឈ្មោះ.រ៉ន រដ្ឋា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។
ដោយសារអាណាព្យាបាល មកធានាត្រឹមត្រូវ និងធ្វើកិច្ចសន្យាច្បាស់លាស់ផងនោះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងអនុញ្ញាតិអោយវិលត្រឡប់ ទៅផ្ទះវិញជាមួយ និងការកោសក់ក្បាល ជាការព្រមាន នៅតែប្រព្រឹត្តតទៅទៀត នីងអនុវត្តវិធានការច្បាប់៕