សាហាវពេកហើយ!​កាប់សម្លាប់ មនុស្ស មិនញញើតដៃ ព្រោះទាស់សម្ដីគ្នា ពេលលេងបាល់ទះ

0

ភ្នំពេញ៖ សំណុំរឿងឃាតកម្មកាប់សម្លាប់បុរសម្នាក់ ព្រោះទំនាក់ពាក្យសម្ដីនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ត្រូវកម្លាំងនគរបាលជំនាញបំបែកបានហើយ ដោយឈានដល់ការចាប់ខ្លួនជនដៃដល់៣នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី។

យោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជា កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូត ដល់រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ទើបកំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យទាំង៣នាក់ និងឈានទៅដល់ការឃាត់ខ្លួន បាននៅចំណុចវាលស្រែ ស្ថិតនៅភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖

ទី១៖ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ
ទី២៖ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នំា (ត្រូវជាបងប្អូនបង្កើត)
ទី៣៖ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ដោយឡែក ជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ រងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេង បណ្ដាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន​មូលហេតុដោយសារទំនាស់ ពាក្យសំដីក្នុងពេលលេងបាល់ទះ។ ចំពោះជនសង្ស័យទាំងបីនាក់ ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នង ការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕