ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីព្រឹក មានករណីខ្សែភ្លើងឆក់បណ្តាល ឲ្យស្លាប់មនុស្ស នៅចំណុចប្រឡាយទឹក នៅមុខផ្ទះ របស់ជនរងគ្រោះឈ្មោះ ហែម សុផល ភេទប្រុសអាយុ៣៩ ឆ្នាំ មានទីលំនៅភូមិស្នារាជឃុំកំពង់ពោធិ៍ ស្រុកក្រគរខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ គង់ សុភ័ក្រ អាយុ៤០ឆ្នាំ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ ។
តាមការរៀបរាប់ របស់ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីព្រឹក ប្ដីរបស់ខ្លួនបានរៀបចំបូមទឹក នៅមុខផ្ទះបំរុងបាញ់ទឹកជ្រូក ហើយរអ៊ូថាក្បាលបូមទឹក វារកខូច ពេលនោះខ្លួន ក៏លើកកូនដាក់ ទៅលើគោយន្ត ហើយប្ដីរបស់ខ្លួន ក៏រាយខ្សែភ្លើងដាក់ចំលើដែកគោល ដែលបានដំ ជាប់នៅដើមស្វាយ រំពេចនោះក៏ត្រូវខ្សែភ្លើងឆក់ដួល ប្រកាច់ក្នុងក្រឡុកទឹក ហើយខ្សែភ្លើង នៅពីលើខ្លួនប្ដីរបស់ខ្លួន ពេលនោះខ្លួន ក៏រត់ទៅដកព្រី រួចក៏មកចាប់លើកប្ដី លើកមិនរួចក៏ហៅឈ្មោះ វីន មកឲ្យជួយលើក ពេលនោះខ្លួន ក៏រឹតទ្រូងប្ដី ធ្វើចលនាបេះដូង ហើយប្ដីខ្លួនបានដឹងខ្លួន ក៏សួរថាដកព្រីភ្លើង ហើយនៅខ្លួនថាដករួចហើយ ពេលនោះក៏បាននាំគ្នាលើកគាត់ ដាក់នៅលើគ្រែ ហើយប្តីខ្លួនបានបែកពពុះមាត់ ពេលនោះបាននាំគ្នា ដឹកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យ ប្រាប់ថាគាត់ដាច់ខ្យល់បាត់ទៅហើយ ខ្លួនក៏បានឱ្យគ្រូពេទ្យ ដាក់ខ្យល់អុកស៊ីសែន ពេលនោះគ្រូពេទ្យ ប្រាប់ថាដាក់មិនកើតទេ គាត់បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ពេលនោះខ្លួនក៏បានដឹក សាកសពប្ដី មកផ្ទះវិញដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីខ្សែភ្លើងឆក់ ជនរងគ្រោះស្លាប់ខាងលើ គឺបណ្តាលមកពីដៃ និងខ្លួនជនរងគ្រោះសើម និងបានកាន់ចំមុខតំណខ្សែភ្លើងទើប បណ្ដាលឲ្យឆក់ស្លាប់ដូច្នេះ។ លោកអធិការបានបន្តទៀតថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ បានធ្វើកំណត់ហេតុប្រគល់ សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤១នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕