ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ស្រុកកំពង់លែង ធ្វើការឃាត់ខ្លួនបាន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចបឹងវែង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣និង១០នាទី មានករណីលួចម៉ូតូមួយគ្រឿងម៉ាក Honda Dream C.125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ឡើយសេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8506 នៅចំណុចបឹងវែង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលម្ចាស់ម៉ូតូមានឈ្មោះ ដែក សុង ភេទប្រុស អាយុ៦៧ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូចេញពីផ្ទះទៅមើលដីស្រែ នៅចំណុចកើតហេតុខាងលើ បានទុក ម៉ូតូនៅលើផ្លូវលំ ដែលមានចម្ងាយប្រហែល ៥០០ ម៉ែត្រ ដោយភ្លេចដកកូនសោចេញពីម៉ូតូ ពេលទៅមើលដីស្រែ បានប្រហែល៤០ នាទីដោយនឹកឃើញថាភ្លេចដកកូនសោ ចេញពីម៉ូតូ ក៏បានដើត្រឡប់ មកកន្លែងទុក ម៉ូតូវិញស្រាប់តែ បាត់ម៉ូតូពីកន្លែងទុកនោះ ហើយក៏បានមករាយការណ៍ ជូនកម្លាំងសមត្ថកិច្ចតែម្តង ។
បានទទួលដំណឹងភ្លាម កម្លាំងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវកំណត់មុខសញ្ញា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ីម មករា ភេទប្រុស អាយុ២១ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕