ភ្នំពេញ៖ ក្រុមឡានដឹកដី (ផ្ដាច់ព្រលឹង)នៅតាមបណ្ដោយ ផ្លូវលេខ៣៨០ ត្រូវបានប៉ូលិសខេត្តកណ្ដាល កោះហៅមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ជុំវិញការដឹកដី យ៉ាងអាណាធិបតេយ្យ វ៉ា ជែង គ្មានគិតពីសុវត្ថិភាព ប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឲ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នា ដូចប្រណាំងឡាន ស្ទើរតែគាំងបេះដូង។
ការកោះហៅនេះ បន្ទាប់ពីមានទទួលបានព័ត៌មាន ពីសំណាក់ប្រជាពលរដ្ឋតាមរយៈ តាមរយៈគណនី ហ្វេសបុក(Facebook)សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ ក្នុងប្រអប់សាររបស់ផេក(page)ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា៖ «ខ្ញុំបាទសូមគោរពដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និង មន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅឃុំ សារិកាកែវ ស្រុក ល្វាឯម ខេត្ត កណ្ដាល ផងចុះព្រោះឡានដឹកដីបើកបរយ៉ាងអាណាធិបតេយ្យ វ៉ា ជែង គ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឲ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរតែគាំងបេះដូង ។ សូមមេត្តាជួយរកដំណោះស្រាយផង ព្រោះនេះជាលើកទី ២ ហើយដែលខ្ញុំរាយការណ៍ ព្រោះលើកទី ១ មិនទទួលបានលទ្ធផលសោះ» ។
ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានបញ្ជាទៅលោក អធិការរង ទទួលផែនការងារ សណ្តាប់ធ្នាប់ចរាចរណ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សារិកាកែវ ឲ្យដឹកនាំកម្លាំងចុះទៅ ពិនិត្យមើលដល់ទីតាំង ផ្លូវលេខ៣៨០ គឺមានស្ថានភាពជ្រុះដី ហុយពិតប្រាកដមែន ហើយចំពោះការបើកវ៉ាជែង បើមានសមត្ថកិច្ច យើងល្បាតតាមដងផ្លូវ ពួកក្រុមឡានដឹកដីនេះ ពុំហ៊ានធ្វើសកម្មភាព វ៉ាជែងស៊ីផ្លេដេញ គ្នាឡើយ។
សមត្ថកិច្ចយើងក៏បានអនុវត្តន៍ ជំនាញធ្វើការហៅពួកគាត់ ធ្វើត្រួតពិនិត្យនិងណែនាំ អប់រំពីច្បាប់ចរាចរណ៍ ហើយបានឲ្យពួកគាត់ធ្វើកិច្ចសន្យា បញ្ឈប់ការបើកល្បឿនលឿន វ៉ាជែងនិងឲ្យគ្របដីមិនឲ្យជ្រុះ លើថ្នល់បណ្តាល ឲ្យប្រឡាក់ថ្នល់ហុយ ប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវនិងអ្នកធ្វើដំណើរ ហើយពួកគាត់បានសន្យា អនុវត្តន៍ឲ្យបានតាមការណែនាំ៕