ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ជាគ្រូទាយនៅផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន ។
ក្នុងករណីមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត ០88 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
អ្នកជំងឺកូវីដមានឈ្មោះ ទេស សារឿន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរគ្រូទាយ (បានទទួលមរណភាព) រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕