ឥទ្ធពលថ្នាំញៀន! ព្រឹកស្រែកជេរ ថ្ងៃគប់កែវ យប់កាន់ដាវទៅកាប់ដល់មុខផ្ទះ…

0

ភ្នំពេញ៖ បុរសម្នាក់ជក់គញរឿងញៀនលើសកម្រិត ព្រឹកឡើងស្រែកជេរអ្នកជិតខាង ថ្ងៃឡើងយកកែវគប់ចូលផ្ទះ ស្រាប់តែពេលយប់កាន់ដាវស្រែកថា អញនឹងកាប់ពួកឯងឲ្យងាប់ រួចក៏រត់ចូលទៅកាប់បំផ្លាញទ្រព្យសម្បត្តិ ជនរងគ្រោះតែម្ដង ។ ករណីនេះកើតឡើងកាលពីម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២១​ នៅចំណុចក្នុងបុរីពិភពថ្មី៣ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​។

ជនរងគ្រោះមានឈ្មោះ​ ស៊ន ឆៃលីម ភេទប្រុស​អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ លី ពិទូ ភេទប្រុស​កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

ផល់ប៉ះពាល់រួមមាន៖ បែកកញ្ចក់ទ្វារផ្ទះចំនួន១ផ្ទាំង, បែកចានចំនួន៤ ។ វត្ថុតាងចាប់យករួម៖ អាវុធកែច្នៃ(ដាវ)ចំនួន១​ ប្រវែង០,៩០ម៉ែត្រ។

នៅមុនពេលកើតហេតុ វេលាម៉ោង ៦និង៣០នាទីព្រឹក ពេលជនរងគ្រោះក្រោកពីគេង ស្រាប់តែឃើញជនសង្ស័យឈរនៅមុខផ្ទះហើយបាន ស្រែកជេរប្រមាថលើគ្រួសារជនរងគ្រោះ បន្ទាប់ពីជេរហើយជនសង្ស័យក៏ចូលក្នុងផ្ទះវិញ។ រហូតដល់ម៉ោង ១៤និង២០នាទី ជនសង្ស័យបានចេញពីក្នុងផ្ទះមក ហើយបានស្រែកជេរប្រមាថ និងយកកែវចំនួន ១គុបចូលផ្ទះជនរងគ្រោះហើយក៏ចូលក្នុងផ្ទះវិញបាត់ទៀត។

រហូតដល់វេលាម៉ោងកើតហេតុ ពេលជនរងគ្រោះនិងក្រុមគ្រួសារកំពុងហូបបាយខាងមុខផ្ទះ ស្រាប់តែឃើញជនសង្ស័យមានកាន់ដាវមួយដើម បានដើរសំដៅទៅផ្ទះជនរងគ្រោះ ដោយគ្រួសារជនរងគ្រោះឃើញសភាពបែបនោះ បាននាំគ្នារត់ចូលក្នុងផ្ទះហើយចាក់សោទ្វារ ។ ពេលនោះជនសង្ស័យបានស្រែកថា អញនឹងកាប់ពួកឯងឲ្យងាប់ បន្ទាប់មកជនសង្ស័យបានយកដាវកាប់តុនិងចាន និងកាប់កញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះចំនួន ១ផ្ទាំង ទើបជនរងគ្រោះបានទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះតាមរយៈទូរស័ព្ទដៃ ហើយកម្លាំងសមត្ថកិច្ចជំនាញស្រុក និងកម្លាំងប៉ុស្ដិ៍បែកចាន បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង។

ជនសង្ស័យបានសារភាពថា៖ ខ្លួនបានប្រើប្រាស់សារធាតុញៀន ច្រើនលើសកម្រិត ទើបមានអារម្មណ៍វិលវល់ ហើយបានយកដាវទៅដេញកាប់ ជនរងគ្រោះ​ និងកាប់បំផ្លាញទ្រព្យសម្បត្តិ​ របស់ជនរងគ្រោះឱ្យខូចខាត​ ។

ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាង សំណុំរឿងបន្តតាមនីតិវិធី ៕