អតីតប្តីចិត្តឆៅ! ខឹងសុំត្រូវគ្នាជាមួយប្រពន្ធវិញមិនបាន លួចបាញ់បណ្ដាលឱ្យ រង​បួស​ធ្ងន់ធ្ងរ​

0

ភ្នំពេញ ៖ កម្លាំង​ជំនាញ​ផែន​នគរបាល​ ព្រហ្មទណ្ឌ​បាន​ទទួល​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​ថា​ មាន​ករណី​ផ្ទុះអាវុធ​ ​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៨​ និង​៤០​នាទី​ នៅ​ចំណុច​ក្រុម​ទី​២៧​ ភូមិ​២​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ បង្ក​ដោយ​ជនសង្ស័យ​ជា​ប្តី​បាន​ប្រើ​អាវុធ​ខ្លី​ បាញ់​ទៅ​អតីត​ប្រពន្ធ​ បណ្តាល​ឲ្យ​ត្រូវ​១​គ្រាប់​ ចំ​ទ្រូង​ខាងឆ្វេង​របួសធ្ងន់​ ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ ។​

ដោយ​មានការ​ចង្អុល ​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​អន្តរា​គម​ន៏​ពិសេស​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ និង​កម្លាំង​ប៉ុស្តិ៍​នគរ​សង្កាត់​លេខ​ ៤​ ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ រួច​ធ្វើការ​ហ៊ុំ​ព័ទ្ធ​បរិវេណ​គុម្ព​ព្រៃ​ម្តុំ​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​សំងំ​លាក់ខ្លួន​ និង​ធ្វើការ​ស្វែងរក​ជនសង្ស័យ​យ៉ាង​ចិត្ត​ទុកដាក់​ រហូត​ដល់​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​អគារ​ក្នុង​ព្រៃ​មួយ​កន្លែង​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ ហើយ​បន្ត​ស្វែងរក​វត្ថុ​តាង​អាវុធ​ខ្លី​ដែល​ជនសង្ស័យ​បាន​បោះចោល​ពេល​ធ្វើ​សកម្មភាព​រួច​ និង​បាន​រក​ឃើញ​នៅ​ចំណុច​គុម្ព​ព្រៃ​ម្តុំ​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ផង់​ សុភាព​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ លក់ដូរ​ មាន​ទីលំនៅ​ក្រុម​ទី​ ២៧​ ភូមិ​២​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ (​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យា​ល​ នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​)​ ត្រូវ​ជនសង្ស័យ​ត្រូវ​១​គ្រាប់​ ចំ​ទ្រូង​ខាងឆ្វេង​របួសធ្ងន់​ ។​

ជនសង្ស័យ​ឈ្មោះ​ ជា​ សុ​វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្រុម​ទី​ ២៧​ ភូមិ​២​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ជា​អតីត​ប្តី​របស់​ជន​រង​គ្រោះ​ ។​

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​ កាំភ្លើងខ្លី​១​ដើម​ម៉ាក​ K54​ ពណ៌​ខ្មៅ​ ឈូស​លេខ​ បង់​១​ និង​គ្រាប់​ចំនួន​៦​ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ការិយាល័យផែនព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​បន្ត​នីតិវិធី​ ៕