ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង សហការជាមួយស្នាក់ការ សន្តិសុខចាំយាម បានចាប់ខ្លួនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីចែកចាយ ថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)។ ប្រតិបត្តិការនេះ ធ្វើឡើងកាលរសៀលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ប្រតិបត្តិបង្ក្រាបនោះដែរ ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកោះកុងផងដែរ ។
ជនសង្ស័យទាំង ២នាក់រួមមាន៖ ១.ឈ្មោះ Li Changqing ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ, ២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។
វត្ថុតាងដកហូតបានរួមមាន៖ រថយន្ត ១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW-4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovac ចំនួន៦៥ដប, ធុងស្នោរក្លាសេថ្នាំចំនួន១, ម្ជុល,សារ៉ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់, ស្រោមដៃចំនួន ៣គូ និងទឹកអាល់កុលចំនួន ៣ដប។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕


