លោក សុខ ទូច៖​ ហេតុអ្វីគ្រាន់តែ ឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធ ថាកម្ពុជាខ្វះត្រីហូប ?

0

ភ្នំពេញ៖ មិនខុសពីមតិសាធារណជន ប៉ុន្មានដែរ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភា​កម្ពុជា បានចោទជាសំណួរថា ​ហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថាកម្ពុជាខ្វះត្រីហូប ខណៈដែលកម្ពុជាមានទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ព្រែក បឹង អូរជាច្រើនប្រៀបដូចសសៃឈាម ហើយថែមទាំងមានសមុទ្រ ជាប្រភពត្រីទឹកប្រៃទៀត តែអស់ត្រីហូប?

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ លោក សុខ ទូច បានសរសេរយ៉ាងដូចនេះថា «ហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថាកម្ពុជាខ្វះត្រីហូប? ខណៈដែលអ្នកជិតខាងយើងមានប្រជាជនច្រើនជាងយើង ពូជត្រីក៏ក្រជាងយើង តែបែរជាដឹកត្រីចូលមកយើង»។

លោកបញ្ជាក់ថា «បើឡាវខ្វះត្រីហូប ទើបមិនចម្លែក តែបើខ្មែរថាខ្វះត្រីទទួលទាន វាដូចជាចម្លែកអស្ចារ្យណាស់ ព្រោះខ្មែរមានទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ព្រែក បឹង អូរជាច្រើនប្រៀបដូចសសៃឈាម ហើយថែមទាំងមានសមុទ្រជាប្រភពត្រីទឹកប្រៃទៀត តែអស់ត្រីហូប ប្រហែលមកពីមូលហេតុដូចខាងក្រោម៖
១-មិនបានគណនាពីតម្រូវការទីផ្សារនៅក្នុងស្រុក ដែលប្រហែលមកពីខ្វះអ្នកគិតចំណោទហើយ
២-ប្រហែលជាមកពីព្រៃលិចទឹកត្រូវបានបំផ្លាញអស់
៣-ប្រហែលមកពីបឹងត្រូវបានលុប
៤-ប្រហែលមកពីតំបន់នេសាទ និងតំបន់ចិញ្ចឹមត្រី មិនត្រូវបានរៀបចំទៅតាមសក្ដានុពល តែបែរជាត្រូវបានលុបដោយសារតម្លៃទីផ្សារដីឡើងខ្ពស់ នាំគ្នាលុបបឹង ស្ទឹង អូរ យកទៅលក់
៥-មិនបានចងជាសហគមន៍ ដើម្បីឱ្យការផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
៦-យើងមិនបានកែច្នៃវត្ថុធាតុដើមក្នុងស្រុកដែលមាន ឱ្យទៅជាចំណីរបស់សត្វឬមនុស្ស តែយើងទិញចំណីស្រាប់ពីគេមកឱ្យសត្វ ដែលធ្វើឱ្យថ្លៃដើមផលិតខ្ពស់មិនអាចប្រកួតប្រជែងបាន
៧-បើត្រីដែលចិញ្ចឹមបានមានអតិផរណា យើងអាចកែច្នៃត្រីទៅជាផលិតផលជាច្រើនតាមលក្ខណៈប្រពៃណី មិនបាច់ប្រើវិទ្យាសាស្ត្រទេ ដូចជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជាមិនបាច់ធ្វើត្រីខកំប៉ុង ក៏ត្រីគ្មានអតិផរណាដែរ៕