ត្រៀមខ្លួនទៅ! គសចគ កំពុងអភិវឌ្ឍគម្រោង កម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដោយស្វ័យប្រវត្តិ ចំពោះម្ចាស់ប្រព្រឹត្តខុស នឹងច្បាប់ចរាចរណ៍ផ្លូវគោក

0

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គសចគ . NRSC) កំពុងអភិវឌ្ឍគម្រោងដ៏ថ្មី ស្រឡាងមួយទៀតគឺ កម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចន គរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណ ដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

កាលពីថ្ងៃទី១៥ មិថុនា នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្ម សហរដ្ឋអាមេរិកនៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Investment Management ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាសម័យទំនើបដើម្បីគាំទ្រ ដល់ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ចំណេញពេល វេលា កាត់ចំណាយក្រៅផ្លូវការ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធ ស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅផ្សារ ទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារ ទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ដើម្បីឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍អំពីផ្លូវខូច សំដៅថែទាំផ្លូវឱ្យបានយូរអង្វែង។

ជាងនេះទៅទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(NRSC) កំពុងអភិវឌ្ឍគម្រោងដ៏ថ្មី ស្រឡាងមួយទៀតគឺ កម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណ ដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើកត់សម្គាល់ផងដែរថា កម្ពុជាកំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ ៕