លោក សាម អ៊ីន ប្រាប់តា ខាន់ សុវណ្ណ ឲ្យរៀនស្វែងយល់ ពីប្រវត្តិសាស្រ្តខ្មែរ

0

ភ្នំពេញ៖ ក្រោយពីបុគ្គល ខាន់ សុវណ្ណ និយាយប្រមាថមើលងាយថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រីនោះ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានចេញមុខមកប្រាប់លោក ខាន់ សុវណ្ណ រៀនស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្មែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពី ៣ម៉ោងមុន លោក សាម អ៊ីន បានបញ្ជាក់ច្បាស់ៗថា «សម្រាប់អ្នកដែលថា ខ្មែរមិនចេះចិញ្ចឹមត្រីនិងគ្មានត្រីស៊ី បើដេញយួនអស់ចេញ ពីការតាំងទីលំនៅខុសច្បាប់ នៅតាមដងទន្លេ សូមរៀនស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរផង។ ទឹកដីមួយភាគធំរបស់វៀតណាមបច្ចុប្បន្ន និងរបស់ថៃឡង់ស្ថិតក្នុង ការគ្រប់គ្រងរបស់អាណាចក្រខ្មែរទេ ហើយខ្មែរមានស្នាដៃកសាងប្រាង្គប្រាសាទ រាប់ពាន់ទៀតផង។ ក្រោយការចុះខ្សោយប្រមាណ ៤០០ឆ្នាំ ខ្មែរបច្ចុប្បន្នកំពុងខំប្រឹងកសាងស្មារតី អ្នកសាងសង់អង្គរឡើងវិញ ហើយកិច្ចការនេះទាមទារឱ្យ អ្នកដឹកនាំនយោបាយខ្មែរសម្លឹងមើល ឱ្យបានឆ្ងាយនិងមានទឹកចិត្តអត់ឱន ឱ្យខ្មែរគ្នាឯងឱ្យបានច្រើន ពីព្រោះយើងជាខ្មែរធ្លាប់ជាជាតិមួយ ដែលរួបរួមគ្នា និងខ្លាំងពូកែ។ យើងចុះខ្សោយដោយសារយើង មានអ្នកដឹកនាំមិនល្អ និងមានការបែកបាក់ជាតិប៉ុណ្ណោះ» ។

សូមរំលឹកថា កាលពីម្សិលមិញ សមាគមវារីវប្បករនៅកម្ពុជា ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ខាន់ សុវណ្ណ ដែលនិយាយប្រមាថមើលងាយថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រីផងដែរ ។

ហើយការចេញមុខថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីរយៈពេលពីរបីថ្ងៃកន្លងមកនេះ សាធារណជនខ្មែរជាច្រើន ក៏ដូចជាបងប្អូនវារីវប្បករខ្មែរ បានប្រតិកម្មមិនសប្បាយចិត្តយ៉ាងខ្លាំង ទៅនឹងបុគ្គល ខាន់ សុវណ្ណ ដែលជាអ្នកលេងបណ្ដាញសង្គម ខ្វះមនសិការ ដែលបាននិយាយដោយអគតិថា «ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី» និង«ខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេទាំងនោះ» ។ ការស្រែនិយាយដោយកំហឹង អសុរស និងបញ្ចេញចរឹតច្រឡោងខាមបែបនេះ បានធ្វើឲ្យបំះពាល់យ៉ាងខ្លាំង ដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបាននឹងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម ៕