ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីមរណភាព របស់បុរស ឈ្មោះ ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម គឺមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ តែពិធីបុណ្យសព ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប ឱ្យដឹងថា លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជំងឺរុំារ៉ៃប្រចាំកាយ និងធ្លាប់បានរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ក្រោយការសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាងមួយខែ លោកបានជាសះស្បើយជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្ត ឃើញអវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ បានអនុញ្ញាតឱ្យវិលត្រឡប់ ទៅលំឋានវិញ និងបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត។
ប្រភពដដែលបញ្ជាក់ថា ដោយសារស្ថានភាព សុខភាពមានជំងឺរុំារ៉ៃផងនោះ ទោះបីជាការព្យាបាល ជាសះស្បើយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពសុខភាព មិនបានល្អឡើងវិញនោះឡើយ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម សុខេន បានទទួលមរណភាព នៅផ្ទះរបស់លោក ស្ថិតនៅភូមិដកពោធ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយមរណភាព ដើម្បីឱ្យកាន់តែបញ្ជាក់ច្បាស់ និងដើម្បីជៀសវាង ការមានមន្ទិលសង្ស័យ ពីសាធារណជន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះយកសំណាក នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផល អវិជ្ជមាននៃមេរោគកូវីដ-១៩ ។
រដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឱ្យ ក្រុមគ្រួសារសព លោក ម៉ម សុខេន ធ្វើបុណ្យតាមប្រពៃណីបាន តែត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕