ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ខាន់ សុវណ្ណ ដែលនិយាយប្រមាថមើលងាយថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី ។
ការចេញមុខថ្កោលទោសរបស់សមាគម ធ្វើឡើងបន្ទាប់ពីរយៈពេលពីរបីថ្ងៃកន្លងមកនេះ សាធារណជនខ្មែរជាច្រើន ក៏ដូចជាបងប្អូនវារីវប្បករខ្មែរ បានប្រតិកម្មមិនសប្បាយចិត្តយ៉ាងខ្លាំង ទៅនឹងបុគ្គល ខាន់ សុវណ្ណ ដែលជាអ្នកលេងបណ្ដាញសង្គម ខ្វះមនសិការ ដែលបាននិយាយដោយអគតិថា «ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី» និង«ខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេទាំងនោះ» ។
ការស្រែនិយាយដោយកំហឹង អសុរស និងបញ្ចេញចរឹតច្រឡោងខាមបែបនេះ បានធ្វើឲ្យបំះពាល់យ៉ាងខ្លាំង ដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបាននឹងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម ។
យោងតាមសេចក្តីថ្លែងការណ៍ របស់សមាគមវារីវប្បករនៅកម្ពុជា នាថ្ងៃទី១៤ មិថុនានេះ បានបញ្ជាក់ច្បាស់ៗថា «តាមពិតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរចេះចិញ្ចឹមត្រី យូរយារណាស់មកហើយ»។
សមាគមវារីវប្បករនៅកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះភាសា និងសម្តីបែបប្រមាថមើលងាយ ដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មានការទទួលខុសត្រូវ មិនមានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងមានចរឹកគួរឲ្យខ្ពើមរអើមបំផុត» ។
សមាគមវារីវប្បករនៅកម្ពុជា ក៏បានអំពាវនាវឲ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការណ៍ជាមួយសម្តីបែបអគតិ និងចរឹកដ៏គួរឲ្យស្អប់ខ្ពើមនេះ ហើយថា បុគ្គលនេះ ត្រូវតែចេញមុខមកបំភ្លឺ និងសុំទោសជាសាធារណៈ ដោយមិនលើកលែងឡើយ ៕