ឆែក លុបបំណុលមួយចំនួនធំ និងបង្វែបំណុលនៅសល់ ជួយកម្ពុជាសាងសង់សាលារៀន

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់ បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ។

នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់លោកមកកាន់ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមាន មនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ លោកបានសន្យាចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាប ជូនសម្ដេចតេជោថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក Martin Vávra ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បាន លុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់ បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម។

ពាក់ព័ន្ធទៅនឹងបេសកកម្ម កាទូតរបស់ឯកឧត្តម សម្ដេចតេជោបានស្នើឲ្យឯកឧត្តម Martin Vávra យកចិត្តទុកដាក់ទៅលើការជំរុញ សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។ សម្ដេចតេជោបានបន្ថែមថា កម្ពុជាកំពុងតែជំរុញការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់ ១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ។ សម្ដេចតេជោក៏បានជូនពរឲ្យលោក ទទួលបានជោគជ័យក្នុងបេសកកម្មការទូត នៅក្នុងប្រទេសកម្ពុជាជា បន្តបន្ទាប់នាពេលខាងមុខ ៕