ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨ និង៣០នាទីព្រឹក សមត្ថកិច្ចនគរបាលជំនាញនៃ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចាប់ឃាត់ខ្លួន គ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើចំនួន ៣នាក់ ពីបទឆបោកស្រ្តីរងគ្រោះ ២នាក់អស់ប្រាក់សរុប ៦៧,៦២៣,៨០០រៀល នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចយើងទទួលបាន ពាក្យបណ្ដឹងពីជនរងគ្រោះចំនួន ២នាក់ ទី១.ឈ្មោះ ឈន ស្រីពេជ្រ ភេទស្រី អាយុ ២៩ឆ្នាំរស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២.ឈ្មោះ ណាម ស្រីមុំ អាយុ២៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្ដឹងពីបទឆបោកនិងកំហែងយកប្រាក់ ជាលក្ខណៈប្រព័ន្ធ កាលពីថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទីថ្ងៃ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន ៣នាក់មានឈ្មោះដូចជា៖ ទី១-ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ (ត្រូវជាម្ដាយ) ជាអ្នកទាយសន្លឹកបៀរ ទី២-ឈ្មោះ វង់ បឿ ហៅ បឿក ភេទប្រុស អាយុ ៣១ឆ្នាំ (ត្រូវជាកូនប្រសារ) ជាគ្រូមន្តអាគមដោះអំពើមើលជម្ងឺ និងទី៣- ឈ្មោះ វ៉េត សារ៉ុម ភេទស្រី (ត្រូវជាកូនស្រីបង្កើត) ជាអ្នកទាលុយពីជនរងគ្រោះយកមកធ្វើវិធីទំនឹបគ្រូ ដែលអ្នកទាំងបីមកស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ។
ក្រុមជនសង្ស័យខាងលើបានឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ឈន ស្រីពេជ្រ អស់ប្រាក់ចំនួន ៤២០៦៨៨០០រៀល ( សែសិបពីលានប្រាំមួយ ម៉ឺនប្រាំបីពាន់ប្រាំបីរយរៀល) ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះ ដែលរត់តាមស្រីឲ្យត្រឡប់មកវិញ ចំណែកឯជនរងគ្រោះទី២ឈ្មោះ ណាម ស្រីមុំ ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥៥៥៥០០០រៀល (ម្ភៃប្រាំលានហាសិបប្រាំម៉ឺនប្រាំពាន់រៀល) ថ្លៃធ្វើពិធីឆាបហៅសង្សាជនរងគ្រោះ ដែលបានបែកចិត្តឲ្យត្រឡប់មកវិញ។
ចំពោះការឆបោក និងកំហែងយកប្រាក់ពី ជនរងគ្រោះទាំងពីរនាក់ខាងលើ ក្រុមជនសង្ស័យបានឲ្យជនរងគ្រោះ ធ្វើការវេប្រាក់ឲ្យពួកខ្លួនតាមវីងវេលុយ ជាដំណាក់ការតាមការកំណត់ បើមិនធ្វើការវេរលុយឲ្យតាមការកំណត់ទេ គំរាមថានិងធ្វើអំពើឲ្យសមាជិក ក្នុងក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់។
លោកអធិការបានបន្តទៀតថា ករណីនេះក្រោយពីសមត្ថកិច្ចយើង បានរាយការណ៍ជូនឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយះលេខទូរស័ព្ទ ០៨៨ ៩៦៩៧១៦៨ លោកក៏បានឲ្យសមត្ថកិច្ចយើង ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នេះនៅអធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធី ៕