ភ្នំពេញ៖ ក្មេងប្រុស.ស្រីជាច្រើននាក់ បានចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ចំនួន២នាក់។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ចំណុចស្រះជីកវាលស្រែ ព្រៃរបោះស្ថិតនៅទិសខាងកើត ឈៀងទិសខាងជើង នៃផ្ទះ ក្នុងភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថាជនរងគ្រោះ
ទី១-ឈ្មោះ ឌន់ ចន្ថា ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស,
ទី២-ឈ្មោះ ឌន់ ចាន់ឌី ភេទប្រុស អាយុ៨ឆ្នាំ ជាសិស្ស។
ក្មេងទាំង០២នាក់នេះជាបងប្អូនបង្កើតនឹងគ្នា ដែលមានឪពុកឈ្មោះ សន គន់ អាយុ៣៤ឆ្នាំ និងម្ដាយឈ្មោះ ត្រើង រូន អាយុ៣០ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
តាមការបំភ្លឺ របស់ឪពុកម្ដាយក្មេងរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ចន្លោះប្រហែលម៉ោង១៣:០០នាទីរសៀល ក្មេងរងគ្រោះចំនួន ០៣នាក់បងប្អូន ក្មេងរងគ្រោះទី១.ឈ្មោះ ឌន់ ចន្ថា ភេទស្រី(ជនរងគ្រោះ), ក្មេងរងគ្រោះទី២.ឈ្មោះ ឌន់ ចាន់ឌីន ភេទប្រុស (ជនរងគ្រោះ), ក្មេងរងគ្រោះទី៣.ឈ្មោះ ឌន់ ចាន់ដម ភេទប្រុស អាយុ៦ឆ្នាំ(ជាប្អូន) បានសុំម្តាយទៅលេងផ្ទះអ្នកជិតខាងគ្នា ដើម្បីរើសផ្លែត្នោតទុំម្ដុំស្រះកើតហេតុ ហើយចុះលែងទឹកស្រះ ហើយបាត់ខ្លួន។ ចំណែកក្មេងប្អូនឈ្មោះ ឌន់ ចាន់ដម បាន ស្រែកយំលឺដល់អ្នកភូមិជិតខាងឈ្មោះ សឿម ឌុល ភេទប្រុស អាយុ៤២ឆ្នាំ បានទៅសួរនាំទើបដឹងរឿង ថាក្មេងលង់ទឹកស្រែកឆោឡោ ដឹងដល់ឪពុកម្ដាយក្មេង នាំគ្នាចុះស្រង់ ប្រទះឃើញក្មេងទាំងពីរ អោបគ្នាជាប់ក្នុងទឹកផុត ដង្ហើមស្លាប់បាត់ទៅហើយ។
តាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ (ស្រះទំហំ១០ម៉ែត្រ×១០ម៉ែត្រ ជម្រៅ ២.៥០ម៉ែត្រ ) ការពិនិត្យជាក់ស្ដែងសពក្មេងរងគ្រោះទាំងពីរ មានដីជាប់ក្នុងភ្នែក រន្ធច្រមុះ ជារួមលើខ្លួនប្រាណសពក្មេងទាំងពីរ មិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ គឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។
ក្រោយពិនិត្យ និងធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕