ចាប់ខ្លួនក្មេងទំនើង បង្ហោះម៉ូតូ នៅក្រុងតាខ្មៅ ពីរនាក់ ក្នុងចំណោមបក្ខពួក ប្រមាណ២០នាក់

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូន។ សាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ថ្មីៗនេះមានបណ្តាញសង្គមឈ្មោះ Family OT និងបណ្តាញសារព័ត៌មានមួយចំនួន បានបង្ហោះវីដេអូ ពីសកម្មភាពយុវជនមួយក្រុម បានបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិ លេខ២១ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាន នេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យជំនាញពាក់ព័ន្ធ ស្រាវជ្រាវកំណត់ អត្តសញ្ញាណក្រុមយុវជន ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈនោះ យកមកអនុវត្ត(តាមនីតិវិធី)។

ជាលទ្ធផល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង សំអឿន បើកកិច្ចប្រតិបត្តការ ស្រាវជ្រាវ តាមវិធានការជំនាញ បានទទួលលទ្ធផលដូចខាងក្រោម:

(ក្រុមប្រព្រឹត្តសកម្មភាពបង្ហោះម៉ូតូ តាមរូបភាពវីឌីអូកន្លងមកនោះ ជាយុវជនរស់នៅ.រាជធានីភ្នំពេញ)។
-ផ្លាកលេខម៉ូតូ ភ្នំពេញ 1IP 2068 Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២០ ជាកម្មសិទ្ធិឈ្មោះ រ៉ិត សុភា ហើយត្រូវបាន
កូនយកជិះធ្វើសកម្មភាពបង្ហោះ នោះឈ្មោះ ឈឹម ម៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានី។
-តាមចម្លើយសារភាពរបស់យុវជនឈ្មោះ ឈឹម ម៉ានុត បានឲ្យដឹងថា ខ្លួននិងបក្ខពួកប្រមាណជា២០នាក់ និងម៉ូតូប្រមាណ១៥គ្រឿង មានអ្នកខ្លះស្គា់ល និងខ្លះទៀតមិនស្គាល់ មកតាមគ្នា ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមបណ្តាយផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ប្រាកដមែន។
-យើងកំពុងបន្ដនីតិវិធីនៃការកំនត់មុខសញ្ញាបក្ខពួកក្រុមតែងតែមកពីរាជធានីភំពេញមកបង្ហោះម៉ូតូនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕