ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី ស្លាប់ស្រ្តីជនជាតិខ្មែរ អាយុ៧២ឆ្នាំ ម្នាក់ រស់នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម លោកយាយដែលស្លាប់ដោយសារកូវីដ១៩ ខាងលើមាន ឈ្មោះ អៀង លាង អាយុ៧២ឆ្នាំ ម្នាក់ រស់នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម។
ទាក់ទិននឹងប្រវត្តិរបស់អ្នកជំងឺ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ចៅរបស់គាត់ចំនួន៤នាក់ (ចៅទាំង៤ ជាកម្មការិនីរោងចក្រ នៅរាជធានីភ្នំពេញ) បានមកលេងផ្ទះគាត់រយៈពេល៣ថ្ងៃ។
លុះដល់ថ្ងៃទី៣ ខែមិថុនា វេលាម៉ោង១២ថ្ងៃត្រង់ ស្រ្តីរូបនេះ មានអាការៈក្ដៅខ្លួន ពិបាកដកដង្ហើម អស់កម្លាំង បានមកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្រុកស្ទឹងត្រង់ ដោយសម្រាកព្យាបាលនៅបន្ទប់អ្នកជំងឺទូទៅ របស់មន្ទីរពេទ្យបង្អែក។
ស្រ្តីខាងលើត្រូវបានធ្វើតេស្ដសំណាក រកឃើញវិជ្ជមាន កូវីដ១៩ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី៕