លោក ពេជ្រ ស្រស់ អំពាវនាវដល់កូនខ្មែរគ្រប់រូប ត្រូវឆ្លាក់ជាតិនិយម នៅក្នុងបេះដូងជានិច្ចនិរន្ត

0

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអំពាវនាវដល់កូនខ្មែរគ្រប់រូប ត្រូវឆ្លាក់ជាតិនិយម នៅក្នុងបេះដូងជានិច្ចនិរន្តតទៅ ដើម្បីថែរក្សាជាតិខ្មែរ ឲ្យគង់វង្សរហូតទៅផែនដី អស់អាយុកាល ។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះបន្ទាប់ពីសមាគម ទូត និងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ចេញប្រតិកម្មផ្ទួនៗគ្នា ក្រោយពីសាលារាជធានីភ្នំពេញ ប្រកាសទុកពេល ១សប្ដាហ៍ ឲ្យជនជាតិវៀតណាមដែលជាម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ។

មេបក្សយុវជនកម្ពុជា បានប្រកាសតាមហ្វេសប៊ុក នាថ្ងៃទី១២ មិថុនានេះថា ប្រជាជាតិមួយនឹងបាត់បង់ បើសិនមានពលរដ្ឋខ្វះជាតិនិយមនៅក្នុងខ្លួន ឬបាត់បង់ឧត្តមគតិ ដើម្បីជាតិខ្លួនឯង ហើយអ្នកដែលបំផ្លាញជាតិមុនគេ គឺផ្តើមចេញពីពលរដ្ឋដែលមានសិទ្ធិ សម្រេចលើកិច្ចការជាតិ (អ្នកធ្វើការរដ្ឋ) មិនស្មោះត្រង់នឹងជាតិខ្លួនឯង គិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន លក់ជាតិខ្លួនឯង ។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា «បន្ទាប់មក អ្នកបំផ្លាញជាតិខ្លួនឯងទៀតនោះ គឺ ប្រជាពលរដ្ឋដែលមិនខ្វាយខ្វល់ពីបញ្ហារបស់ជាតិ ដូច្នេះកូនខ្មែរគ្រប់រូបត្រូវឆ្លាក់ជាតិនិយម នៅក្នុងបេះដូងជានិច្ចនិរន្តតទៅ ដើម្បីថែរក្សាជាតិខ្មែរ ឲ្យគង់វង្សរហូតទៅផែនដីអស់អាយុកាល»។

គួរឲ្យដឹងផងដែរថា ដូចអ្វីដែលបានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសមែន ដល់ការកំណត់នៅថ្ងៃទី១២ មិថុនានេះ អាជ្ញាធររាជធានីភ្នំពេញ បានចុះរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយលើផ្ទៃទឹក ដែលភាគច្រើនជារបស់ ជនជាតិវៀតណាម ៕