ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការក្រើនរំលឹកដល់ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ ពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស ។
ក្នុងលិខិតលេខ២៨១សខល របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមក កម្ពុជាតាមច្រកព្រំដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើតេស្តអង់ទីហ្សែនរហ័សឲ្យបានម៉ឺងម៉ាត់ ។
ក្នុងលិខិតបញ្ជាក់ថា ចំពោះអ្នកជំងឺដែលមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនមន្ទីរពេទ្យដើម្បីព្យាបាល ចំណែកអ្នកដំណើរផ្សេងទៀតដែលរួមដំណើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។
អភិបាលខេត្តនៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំកិច្ចសហការក្នុងការពង្រឹងការធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនដល់ពលករ និងប្រជាជនទូទៅមុននឹងអនុញ្ញាតឲ្យមកកម្ពុជាវិញ ៕