ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលេីកឡេីងថា គេកាន់តែចង់បានរបស់យើងគឺគេកំពុងប្រាប់មហាជន ដោយខ្លួនឯងថា ខ្លួនគេ គឺជាចោរ ហើយជាចោរគ្មាន ភាពអៀនខ្មាស់ទៀត។
ការលេីកឡេីងរបស់លោក ពេជ្រ ស្រស់ បែបនេះបន្ទាប់ពីសមាគមទូត និងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ចេញប្រតិកម្មផ្ទួនៗគ្នាក្រោយពីសាលារាជធានីភ្នំពេញប្រកាសទុកពេល១សប្ដាហ៍ ឲ្យជនជាតិវៀតណាមដែលជាម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់តាមហ្វេសប៊ុក កាលពី១២ម៉ោងមុនថា “ដឹងថាទាមទាមិនបានហើយ គឺរឹតតែទាមទា ដើម្បីបញ្ជាក់ថាគេកំពុងលួចរបស់យើង ទៅធ្វើជាកម្មសិទ្ធិរបស់គេផ្តាច់មុខ។ បើមានគេលេងល្ខោន គឺត្រូវមានអ្នកមើល បើយើងមិនមើល គឺល្ខោននោះសម្តែងមិនល្អនោះទេ គេកាន់តែចង់បានរបស់ យើងគឺគេកំពុងប្រាប់មហាជនដោយខ្លួនឯងថា ខ្លួនគេ គឺជាចោរ ហើយជាចោរគ្មានភាពអៀនខ្មាស់ទៀត” ។
ទាក់ទិនករណីនេះដែរ ឆ្លើយតបទៅកាន់ទូតវៀតណាម និងសមាគមវៀតណាម ដែលស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យជួយរកទីតាំងថ្មីសម្រាប់ជនជាតិវៀតណាមដែលចាកចេញ ពីក្នុងទឹក មេបក្សយុវជនកម្ពុជា បានអះអាងត្រឡប់ទៅវិញតាមរយៈវីដេអូឃ្លីប នៅថ្ងៃទី១២ មិថុនានេះថា “ខ្ញុំសូមជម្រាបថាពួកនោះ គឺប្រជាជាតិខ្មែរ មិនបានអញ្ជើញឲ្យមករស់នៅក្នុងដែនទឹក និងដែនដីកម្ពុជានោះទេដូច្នេះគឺសូមអញ្ជើញ
ចេញឲ្យលឿនបំផុតដែលអាចធ្វើទៅបាន“។
លោកបញ្ជាក់បន្តថា “ខ្ញុំសូមផ្ដាំផ្ញើទៅដល់ទូតវៀតណាមនិងសមាគមវៀតណាមកុំធ្វើអ្វីតាំងខ្លួន ជាម្ចាស់កម្ពុជាឲ្យមហាជនក៏ដូចជាអន្តរជាតិ បានឃើញគំនិតអាក្រក់របស់ខ្លួននៅលើគោកខ្លាំងពេក។ ព្រោះកម្ពុជាគ្មានថ្ងៃនៅក្រោមឱវាទ នៅក្រោមបទបញ្ជា របស់អស់លោកនោះទេ” ។
លោក ពេជ្រ ស្រស់ ក៏បានប្រកាសមិនអនុញ្ញាតឲ្យ ជនអន្តោប្រវេសន៍វៀតណាម ឬជាតិសាសន៍ដទៃ មករស់នៅលើទឹកដីកម្ពុជាដោយសេរីនោះឡើយ។
ទន្ទឹមគ្នានេះដែរមេបក្សយុវជនកម្ពុជា ស្នើដល់រាជរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តច្បាប់ អន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលមករស់នៅលើទឹកដីខ្មែរ ដោយខុសច្បាប់ត្រូវតែបញ្ជូនត្រឡប់ទៅកាន់ ប្រទេសកំណើតខ្លួនវិញដោយគ្មានលក្ខខណ្ឌឡើយ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដោយបញ្ជាក់ថា ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាង រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញ ជាបន្ទាន់ ដោយទុករយៈពេល ១ (មួយ) សប្ដាហ៍គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។រហូតមកដល់ពេលនេះគេសង្កេតឃើញថាម្ចាស់បែចិញ្ចឹមត្រីផ្ទះបណ្តែតទឹកម្ចាស់ផ្ទះតូចៗនិងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេមួយចំនួន បានរុះរើរចេញជាបណ្ដើរៗហើយ៕