ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩៖១០នាទី មានរណីអំពើលួចមួយកើតឡើង នៅចំណុចផ្ទះរបស់ឈ្មោះ សំរិត សាឡុង ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បាត់បង់ទ្រព្យសម្បត្តិ៍មួយចំនួន រួមមាន ប្រាក់រៀលចំនួន ២៧លានរៀល ខ្សែកមាស២ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែទម្ងន់៥ជី ចិញ្ចៀនមាស២វង់ទមង្ងន់៦ជី បន្តោងខ្សែកទម្ងន់៥ហ៊ុន ដែលទុកក្នុងទូរក្នុងបន្ទប់ដេក (មិនបានចាក់សោរ)។
ក្រោយទទួលបានព័ត៌មានភ្លាម ក្រោមការដឹកនាំ ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានចុះធ្វើការស្រាវជ្រាវ យ៉ាងម៉ត់ចត់ នឹងដោយមានការចូលរួម ពីក្រុមគ្រួសារជនរងគ្រោះផង ទើបនៅថ្ងៃទីទី១០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានដល់ឃាត់ខ្លួនជនសង្ស័យ ១នាក់មានឈ្មោះ ឌឹម សុវណ្ណារ៉ា ភេទបុ្រស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ព្រមទាំងដកហូតបានប្រាក់រៀលចំនួន ២៧លានរៀល ខ្សែកមាស២ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែទម្ងន់៥ជី ចិញ្ចៀនមាស ២វង់ទមង្ងន់៦ជី បន្តោងខ្សែកទម្ងន់៥ហ៊ុន និងប្រាក់រៀលចំនួន ១០៤៥០០០០រៀល (ដប់លាន សែសិបប្រាំម៉ឺនរៀល) ម៉ូតូ ១គ្រឿង ម៉ាក ឌូក ពាក់ផ្លាកលេខភ្នំពេញ 1CF-9374 ។
ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា រូបខ្លួនពិតជាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ៍ នៅផ្ទះជនរងគ្រោះពិតប្រាកដមែន ដែលក្រោយធ្វើសកម្មភាព ជនសង្ស័យបានយកប្រាក់ទៅទិញម៉ូតូម ១គ្រឿង ដែលបានដកហូតមកស្រាប់ និងដើរចាយ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីគសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី រីឯវត្ថុតាងពាក់ព័ន្ធបាន ប្រគល់ជូនជនរងគ្រោះវិញរួច ៕