មន្ត្រីសាលាស្រុកឱរ៉ាល់ម្នាក់ ជិះម៉ូតូបុកគោយន្តកន្ត្រៃ ពីក្រោយបណ្តាលឲ្យស្លាប់ នៅហ្នឹងកន្លែងកើតហេតុ

0

ភ្នំពេញ៖ មន្ត្រីសាលាស្រុកឱរ៉ាល់ ដែលមានតួនាទីប្រធានការិយាល័យ ច្រកចេញចូលតែមួយ បានជិៈម៉ូតូបុកគោយន្តកន្ត្រៃ ពីក្រោយបណ្តាលឲ្យស្លាប់ នៅហ្នឹងកន្លែងកើតហេតុ។ ឧបទ្ទវហេតុនោះបានកើតឡើង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩នឹង០៩ នាទី ចំណុចលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកHONDA Dream ផលិតឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1U-9940 បើកបរដោយឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរមន្ត្រីសាលាស្រុកឱរ៉ាល់ (ប្រធានការិយាល័យច្រកចេញចូលតែមួយ) ស្នាក់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែទៅបុកគោយន្តកន្ត្រៃ០១គ្រឿង ពីក្រោយ ម៉ាកKUBOTA កម្លាំង១៤សេស ដឹកអុសក្រាក់ បើកបរ ដោយជនមិនស្គាល់អត្តសញាណ (គេចខ្លួន) ខណៈកំពុងបើកបរស្របទិសគ្នា បណ្ដាលអោយ អ្នកបើកបរម៉ូតូម្នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ និងម៉ូតូជាប់កន្ទុយរ៉ឺម៉ក គោយន្តដឹកអុសក្រាក់ ខូចខាតមួយ កំណាត់មុខធ្ងន់។

មន្ត្រីដដែលបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ វាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សព ជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯវត្ថុតាងទាំង០២ ត្រូវបានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាល ស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕