ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីលួចកាត់ខ្សែកាប។
សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លើចំណុចតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅក្រុមទី១១ ភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន បានបឲ្យដឹងថា នៅវេលាម៉ោង០៦៖០០នាទីត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបានទទួលព័ត៌មានតាមទូរស័ព្ទ ពីឈ្មោះ អុន វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប តួនាទីនិយោជិក ទូរគមនាគមន៍កម្ពុជាតិ ខេត្តសៀមរាប រាយការណ៍ឲ្យដឹងថា មានជនសង្ស័យគ្នា ០៣នាក់ លួចកាត់ខ្សែកាបនៅចំណុចកើតហេតុខាងលើ ហើយជនសង្ស័យ០២នាក់ ផ្សេងទៀត បានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ សៀន ភារៈ និងវត្ថុតាងរួមមានៈ មធ្យាបាយចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខសៀមរាប 1X-4025 លេខតួ.លេខម៉ាស៊ីនND125ME-9720640 រ៉ឺម៉កសណ្ដងចំនួន ០១ ពណ៌ខៀវ និងខ្សែកាបត្រូវបានកាត់រួចចំនួន ០១ដុំ ទម្ងន់ ១៦គ.ក ។
នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យឈ្មោះ សៀន ភារៈ បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួកគ្នា៣នាក់គឺ ១.រូបខ្លួនផ្ទាល់, ២.ឈ្មោះ តយ (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មានម៉ូតូ១គ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ, ៣.ឈ្មោះ ធឿន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ បិទតែម២០២០ ពួកគេជាអ្នករស់នៅជិតខាងគ្នា ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បានរួមគំនិតគ្នាធ្វើសកម្មភាពលួចកាត់ខ្សែកាប ត្រូវបានបុគ្គលិកក្រុមហ៊ុនខ្សែកាបមកទាន់ បក្ខពួកខ្លួនឈ្មោះ តយ, ឈ្មោះ ធឿន ជិះម៉ូតូគេចខ្លួនបាត់៕