ភ្នំពេញ៖ ដោយទ្រាំនឹងទង្វើប្ដីចិត្តអប្រិយ ធ្វើបាបទាំងផ្លូវចិត្ត ទាំងផ្លូវកាយលែងបាន ស្ត្រីម្នាក់បីកូនខ្ចីអាយុទើបតែជាង ១ខែ រត់ចេញពីផ្ទះនៅស្ទឹងមានជ័យ បំណងទៅផ្ទះម្ដាយរបស់គាត់នៅឯស្រុកស្អាង ខេត្តកណ្ដាលទាំងកណ្ដាលយប់ ។ ករណីនេះបានកើតឡើង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខភ្នំពេញស្ពតក្លិប តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមស្ត្រីខាងលើបានរៀបរាប់ទាំងទឹកភ្លែកថា រូបគាត់ទើបតែសម្រាលបានកូនស្រី អាយុជាងមួយខែប៉ុណ្ណោះ ដោយគាត់បានស្រឡាញ់ប្តីគេជាង ៣ឆ្នាំមកហើយ ។ ប្ដីរបស់គាត់តែងតែវាយធ្វើបាប គាត់តាំងពីគាត់មានផ្ទៃពោះ រហូតដល់សម្រាលកូនរួច ជាពិសេសវាយធ្វើបាបរូបគាត់ នៅចំពោះមុខប្រពន្ធដើមថែមទៀត ទើបធ្វើឲ្យគាត់ពិបាកចិត្តអត់ទ្រាំលែងបាន ក៏សម្រេចចិត្តបីកូនចេញពីផ្ទះ ដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បំណងទៅផ្ទះម្ដាយរបស់គាត់នៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងដែលគ្មានលុយ១រៀល និងគ្មានសម្ភារសម្រាប់កូនតាមខ្លួនទៀតផង ៕


