ភ្នំពេញ៖ ក្មេងស្ទាវប្រុសស្រី ២ក្រុម ចូលអង្គុយផឹកស៊ីនៅហាង ផាំ ឃីន PK ក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និយាយឌឺដងផ្លែផ្កាដាក់គ្នាទៅវិញទៅមក ក៏ផ្ទុះកំហឹងទាំងសងខាង វាយគ្នាផ្អើលដល់សមត្ថកិច្ចចុះចាប់យកទៅដុះក្អែលនៅប៉ុស្តិ៍ ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុមានយុវជន ប្រុសស្រី ២ក្រុមបានចូលមកផឹកស៊ីក្នុងហាង ផាំ ឃីន PK កោះពេជ្រ នៅតុក្បែរគ្នា ហើយពេលផឹកស៊ីនោះ ក៏មានការនិយាយឌឺដង ដៀមដាមដាក់គ្នាផងដែរ ធ្វើឲ្យពួកគេមានកំហឹងក៏បង្កឱ្យមាន អំពើហិង្សាវាយតប់គ្នាមួយប្រាវផ្អេីលដល់កងសន្តិសុខ និងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ ។ ក្នុងករណីហិង្សាខាងលើនេះ មិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ខណៈសមត្ថកិច្ចមូលដ្ឋាន បានឃាត់ភាគីម្ខាងបានម្នាក់ និងភាគីម្ខាងទៀតមានគ្នា ៤-៥នាក់ ដែលតាំងខ្លួនជាអ្នករងគ្រោះ យកទៅប៉ុស្ដិ៍នគរបាល រដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំ ។
សមត្ថកិច្ច បានអប់រំណែនាំ ដល់ពួកគេទាំងសងខាង និងធ្វើកិច្ចសន្យា រួចក៏ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕





