ភ្នំពេញ៖ កម្លាំងនគរបាលការពារព្រំដែន ស្រុកម៉ាឡៃ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានឃាត់ខ្លួនពលរដ្ឋចំនួន១៥នាក់ ក្នុងនោះមានស្រី៨នាក់ កុមារ២នាក់ និងអ្នកនាំផ្លូវម្នាក់ ផងដែលលួចឆ្លងដែន ទៅប្រទេសថៃខុសច្បាប់ ។
នគរបាលបានឱ្យដឹងថា អ្នកនាំផ្លូវពលករឆ្លងដែនខុសច្បាប់ នោះឈ្មោះយើន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ចំណែកពលរដ្ឋ១៥នាក់ មកពីខេត្តចំនួន៤ រួមមាន៖ ខេត្តបាត់ដំបង៨នាក់,ខេត្តកំពង់ធំ៤នាក់,ខេត្តព្រៃវែង២នាក់,ខេត្តបន្ទាយមានជ័យម្នាក់។
ក្រោយពីបានឃាត់ខ្លួន សួរនាំរួចកម្លាំងបានប្រគល់ពលករខ្មែរ១៥នាក់និងអ្នកនាំផ្លូវរូបនេះ ទៅអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ដើម្បីបន្តតាមនីតិវិធី។ពលករខ្មែរទាំង១៥នាក់ ត្រូវបានបញ្ជូនទៅ ធ្វើចត្តាឡីស័ក។
ចំណែកអ្នកនាំផ្លូវ ត្រូវបានឱ្យធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់នូវ ការនាំពលករឆ្លងដែនទៀត ៕