ភ្នំពេញ៖កម្លាំងនគរបាលស្រុកមុខកំពូល បានបញ្ជូនក្រុមចោរប្លន់ប្រុសស្រី៤នាក់ ទៅតុលាការករណី ធ្វើសកម្មភាពស្ទាក់ប្លន់ យកម៉ូតូពីពលរដ្ឋ តាមដងផ្លូវជាតិលេខ៦។ ក្រុមនេះចាប់បាននៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីទៀបភ្លឺ ចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ផុន សុផានិត អាយុ២៦ឆ្នាំ,ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ១៨ឆ្នាំ ,ឈ្មោះទិត្យបញ្ញាខា រិន អាយុ១៩ឆ្នាំ ជនសង្ស័យទាំង៣នាក់នេះ និងឈ្មោះម៉ាលីរ៉យ៉ើ ភេទស្រី អាយុ២០ឆ្នាំ អ្នកលក់អីវ៉ាន់ តាមអនឡាញ។
មន្ត្រីដដែលបានបន្តថា សមត្ថកិច្ចចម្រុះបានឃើញ រថយន្តនិងក្រុមជនសង្ស័យ ឈប់នៅចិញ្ចើម ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល។ដោយមានការសង្ស័យ កម្លាំងឈប់រថយន្តបម្រុងសួរនាំក្រុមនេះក៏បាននាំគ្នាឡើងជិះរថយន្តបើករត់គេចខ្លួន។តែត្រូវកម្លាំងសមត្ថកិច្ចមួយក្រុមទៀតស្ទាក់ចាប់បានរថយន្តនេះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា៖ក្រុមខ្លួនបានមកឈប់រថយន្តរៀបចំធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៦ តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវសមត្ថកិច្ចចាប់បាន។
កន្លងមក ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាព តាមបណ្ដោយផ្លូវជាតិលេខ៦ ចំនួន៣លើក បានសម្រេច ១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះ ឈ្មោះ យ៉ុន សុផានិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ទៀបភ្លឺបានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ចំនួន១គ្រឿង។ក្រោយពីប្លន់ម៉ូតូបានហើយយកទៅលក់នៅម្ដុំឃ្លាំងរំសេវក្នុងមួយគ្រឿងបានតម្លៃ៦០០ដុលា្លរ៕