បើកឡានធំថយក្រោយចាក់ដីមិនប្រយ័ត្ន ជ្រុលបុកជណ្តើរផ្ទះ រលំសង្កត់ក្មេងស្លា​ប់ម្នាក់ និងរ​បួ​សធ្ងន់ ៤នាក់

0

ភ្នំពេញ៖ រថយន្តធំបើកថយក្រោយ បានបុកជណ្តើរផ្ទះរលំសង្កត់ក្មេងៗ បណ្ដាលឱ្យស្លា​ប់ម្នាក់ និងរបួសធ្ងន់៤នាក់ នៅភូមិកណ្តាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

ក្មេងស្រីដែលស្លា​ប់ឈ្មោះ សំណាង សុម៉ាវត្តី អាយុ៦ឆ្នាំ។ ក្មេងរងរបួស៤នាក់,ឈ្មោះ សំណាង បញ្ញា ភេទប្រុស អាយុ៧ឆ្នាំបែកក្បាល, ឈ្មោះ យ័ន រក្សា ភេទស្រី អាយុ១០ឆ្នាំ បែកក្បាល, ឈ្មោះ វិទ្ធី សុខឃឹម ភេទស្រី អាយុ៦ឆ្នាំ របួសបែ​ក​ចំគល់ចិញ្ចើម, ឈ្មោះ វិទ្ធី វណ្ណឌី ភេទប្រុស អាយុ៧ឆ្នាំ របួសស្រាលក្មេងរងគ្រោះទាំង ៥នាក់រស់នៅជាមួយគ្នាក្នុង ភូមិកណ្តាលឃុំកោះចូរ៉ាម ។

រថយន្តបង្កម៉ាកហីណូ ប្រភេទបែន៥តោន ពាក់ផ្លាកលេខ ក្រចេះ 3A-0312 អ្នកបើកបរឈ្មោះ កិះ កយ ភេទប្រុស អាយុ ៣៨ឆ្នាំនៅ ភូមិកណ្តាល ឃុំស្រុកកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាលបានរត់គេចខ្លួន ។ រថយន្តនេះបានថយក្រោយ ចាក់ដីជ្រុលទៅបុកជណ្តើរថ្មផ្ទះ របស់ឈ្មោះ នៅ សំណាង អាយុ៣៣ឆ្នាំ បាក់រលំសង្កត់ក្មេងស្លា​ប់​ និងរបួ​សធ្ងន់តែម្តង ។

សម្ភារខូ​ចខា​តរថយន្ត ១គ្រឿង-ម៉ូតូ ១គ្រឿង-កង់១គ្រឿង។ តាមការសន្និដ្ឋាន អ្នកបើកបររថយន្តបង្ក បើកបរថយក្រោយខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុនគរបាលច​រា​ច​រ​ណ៍ បានចុះពិនិត្យវាស់វែង និងយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល រង់ចាំដោ​ះស្រាយពេលក្រោយ ៕