ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយត្រូវក្រុមក្មេងទំនើងមួយក្រុម មានគ្នា១០នាក់ ជិះម៉ូតូ ដេញវាយ និងប្រើដុំថ្ម គប់ ទៅលើជនរងគ្រោះ កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ២១និង២២។ ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួន បាន៣នាក់ ចំណែក០៧នាក់ទៀតគេចខ្លួនបាត់។
មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះចំនួន២នាក់ រួមមាន៖
ទី១-ឈ្មោះ មុត ឧត្តម អាយុ១៨ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ស្លាប់)
ទី២-ឈ្មោះ ឌី សម្បត្តិ អាយុ១៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (របួសស្រាល)។
ចំណែកក្រុមជនសង្ស័យ មានគ្នា១០នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួន បាន០៣នាក់ ទី១-ឈ្មោះ កើត អៀង ទី២-ឈ្មោះ សំ សោភា ហៅភា និង ឈ្មោះ ហេង រ៉ាយុទ្ធ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន០១លើក រយៈពេល០២ខែ ពីបទលួចមានស្ថានទម្ងន់ទោស។
ចំណែកក្មេងទំនើងដែលជាបក្ខពួកចំនួន០៧នាក់ទៀត នាំគ្នាគេចខ្លួនបាត់។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នា ចេញពីផ្ទះឆ្ពោះទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ទៅដល់មុខផ្សារបែកចាន ស្រាប់តែមានបក្ខពួកជនសង្ស័យ ជិះម៉ូតូចំនួន០៥គ្រឿង ជិះដេញតាមពីក្រោយនិងយកដុំថ្មគប់ ទៅលើជនរងគ្រោះ រហូតដល់ចំណុចកើតហេតុ ជនសង្ស័យនឹងបក្ខពួក បានយកខ្សែក្រវ៉ាត់ វាយទៅលើ ជនរងគ្រោះឈ្មោះឌី សម្បត្តិ ចំនួនពីរខ្សែក្រវ៉ាត់ចំក្បាល និងយកដុំថ្មគប់ចំមុខ ឈ្មោះមុត ឧត្ដម ទើបបណ្ដាលជនរងគ្រោះ បានរេចង្កូតដួលម៉ូតូធ្លាក់ចូលប្រឡាយ ទឹកស្អុយ ហើយបានស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ ចំណែកឈ្មោះ ឌី សម្បត្តិ ត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជន ៕