ភ្នំពេញ៖ បុរសជាកម្មករធ្វើផ្លូវល្បឿនម្នាក់ត្រូវបានរ៉ូកិនថ្នល់ដាច់ហ្វ្រាំងជ្រុលកិនស្លាប់នៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយនៅលើផ្លូវ ។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី លើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរ៉ូឡូ០១គ្រឿង ពណ៌លឿង ម៉ាក LIUGONG គ្មានពាក់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( គេចខ្លួនក្រោយពេលកើតហេតុរួច ) បើកបរពីទិសខាងលិច ទៅទិសខាងកើត ។
ប្រភពបន្តថា ពេលបើកមកដល់ចំណុចខាងលើ រ៉ូឡូ បានដាច់ហ្វ្រាំងជ្រុល ទៅមុខកិនឈ្មោះ មួង សាមឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ជាកម្មករធ្វើផ្លូវល្បឿនលឿន ដែលកំពុងអង្គុយនៅលើផ្លូវ បណ្តាលអោយ ស្លាប់កន្លែងកើតហេតុ ។
បច្ចុប្បន្ន វត្ថុតាងចាត់ចែង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលត្រពាំងគង ។ ចំណែកសាកសព ក្រោយពីធ្វើកោសល្យវិច្ឆ័យ រួចរាល់បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យបានប្រពៃណី ៕