ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសុំទោសប្រជាពលរដ្ឋ ទាំងអស់ ដែលផ្លូវជាតិលេខ៣ ចន្លោះពីខេត្តកំពត ទៅវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។
ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សូមយកឱកាសនេះ សុំទោសបងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកប្រើប្រាស់ផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរេញ ប្រហែលជា៥៤គីឡូម៉ែត្រនេះ ដែលមានការខូចខាត ដែលយើងសង្កេតឃើញថា ធ្វើហើយខូចទៅវិញ ធ្វើមុខខូចក្រោយ ទៅក្រោយខូចមុខ»។
លោក បានបន្ដថា «ក្នុងនាមខ្ញុំ ជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ដ្រីក្រសួងសាធារណការទាំងអស់ សុំទោសទៅអ្នកប្រើប្រាស់ផ្លូវ ដោយសារផ្លូវនេះធ្វើមិនជាប់ និងមិនបានរឹងមាំ ខ្ញុំនឹងនិយាយម្ដងទៀតមូលហេតុផ្លូវនេះ ធ្វើមិនជាប់ (ផ្លូវកំពត-វាលរេញ) ឲ្យយើងដឹងលឺទាំងអស់គ្នាមិនមែនក្រសួងសាធារណការ គ្មានសមត្ថភាពធ្វើផ្លូវរឹងមាំទេ គឺមានហេតុផលរបស់វា»។
លោក ក៏បានពន្យល់ថា ក្រោយពិនិត្យឃើញផ្លូវជាតិលេខ៣ (កំពត-វាលរេញ) នៅតែបន្តមានបញ្ហាទៀត លោកបានស្នើដល់ម្ចាស់គម្រោងឲ្យផ្លាស់ប្ដូរប្រធានសាងសង់ផ្លូវ ហើយរដ្ឋលេខាធិការ ក្រសួងសាធារណការ ដែលកាន់គម្រោងនោះ ក៏ត្រូវបានផ្អាកពីគម្រោងនេះផងដែរ។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសាធារណការ បានផ្តាំផ្ញើទៅក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព នៃការស្ថាបនាផ្លូវ និងផ្តាំផ្ញើទៅប្រជាពលរដ្ឋ ព្រមទាំង ក្រុមហ៊ុនដឹកជញ្ជូនឲ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឲ្យ មានការខូចខាតផ្លូវមុនអាយុកាល គ្រោះថ្នាក់ចរាចរណ៍នាំឲ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិ ផងដែរ។
សូមរំលឹកថា គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ។ ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាព កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកា ប្រមាណ១៥,៨៥ លានដុល្លារអាមេរិក៕