ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយបន្ថែម បើសិនជាមានករណីយឺតយ៉ាវក្នុងការធ្វើសៀវភៅគ្រួសារ (ក២) និងសៀវភៅស្នាក់នៅ (ក៤) របស់សមត្ថកិច្ចតាមបណ្តាអធិការនគរបាលខណ្ឌ និងប៉ុស្តិ៍នគបាលរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមដាន ជាប្រចាំដោយយកចិត្តទុកដាក់ រាល់ខំមិនរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការឆ្លើយតប ចាត់វិធានការ និងដោះស្រាយ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ជាពិសេសមាន ប្រជាពលរដ្ឋមួយចំនួន ក៏បានទាក់ទងរាយការណ៍ មកលេខទូរសព្ទ 069 516 999 ដែលបានដាក់ឲ្យទំនាក់ទំនងចំពោះអ្នកដែលទៅធ្វើសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ មានការយឺតយាវ ពីសំណាក់មន្ត្រីនគរបាល ។
ភ្លាមៗបន្ទាប់ពីទទួលបាន ការទាក់ទងតាមទូរសព្ទ ក៏ដូចជាខំមិនចូលផេក ឧត្តមសេនីយ៍ឯក ស ថេត និងផេកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រុមការងារបានទាក់ទង ទៅខណ្ឌនិងប៉ុស្តិ៍ ដើម្បីទាក់ទងភ្លាមៗ ទៅប្រជាពលរដ្ឋ និងធ្វើជូនគាត់ភ្លាមៗតែម្តង ។
សូមបញ្ជាក់ថា ការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវមានឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ ដូចជា :
1. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ចំពោះជនបរទេស សេចក្តីចំលងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ)
2. សេចក្តីចំលងសំបុត្រកំណេីត
3. សេចក្តីចំលងសំបុត្រអាពាហ៍ពិពាហ៍
4. លិខិតបញ្ជាក់ការផ្លាស់ប្តូរទីលំនៅ ។ ល។