ភ្នំពេញ៖ លោកតាវ័យ៧៧ឆ្នាំម្នាក់ បានកើតខ្សល់គដួលស្លាប់ ដោយគ្មានអ្នកដឹង ខណៈគាត់កាប់ឆ្ការដើមបន្លាស្អិតនៅក្បែររបងផ្ទះ។ ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ នៅភូមិស្តីក្រោម ឃុំគយម៉ែង ស្រុកមង្គលបូ៏រី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា លោកតារងគ្រោះឈ្មោះ យស សារ៉ាត់ ភេទប្រុស អាយុ៧៧ឆ្នាំ នៅភូមិស្តីក្រោម ឃុំគយម៉ែង ស្រុកមង្គលបូ៏រី ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា៖តាមការឲ្យដឹងពីក្រុមគ្រួសារ លោកតាមិនបានហូបបាយមួយល្ងាចនិងមួយព្រឹក ។នៅថ្ងៃកើតហេតុ ប្រពន្ធ និងកូនចៅ មិនបានដឹងថា គាត់ទៅណានោះទេស្រាប់តែបាត់ពីផ្ទះ ហើយកូនចៅ បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងនាំគ្នាដើររក លុះនៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មានគេប្រទះឃើញសពលោកតាដេកផ្កាប់មុខត្រូវនឹងដុំថ្មស្លាប់នៅក្បែររបងផ្ទះដៃកាន់កាំបិតនិងពាក់ស្បែកជើង កវែង មិនដឹងថាគាត់បានស្លាប់តាំងពីពេលណាមកនោះទេ ។
នគរបាលមូលដ្ឋាន បានបន្តថា៖តាមការពិនិត្យ នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ នឹងករណីឃាតកម្មឡើងឡើយ ។
តាមការសន្និដ្ឋាន របស់ក្រុមការងារនិងគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ ខ្សល់គ ដួលផ្កាប់មុខត្រូវនឹងដុំថ្មដោយគ្មានអ្នកណាដឹងបណ្តាលឲ្យសពឡើងជាំខ្មៅដោយសារត្រូវកំដៅថ្ងៃ ខណៈពេលគាត់ព្យាយាមឈរកាប់ឆ្ការព្រៃដើមបន្លាស្អិតដុះនៅក្បែរផ្ទះ ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យាតមាប្រពៃណី ក្រោយពីក្រុមការងារពិនិត្យរួច ៕