ភ្នំពេញ៖ តុលាការខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វមួយកន្លែងបីនាក់ឪពុក និងកូនពីបទឃាតកម្មដោយមាន ទារុណកម្មកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
លោក ឈុំ សៀងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ មិថុនាថា ជនត្រូវចោទបីនាក់ជាប់ចោទ ពីបទឃាតកម្មដោយមានទារុណកម្ម មាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងជាង៧ យប់មានឃាតកម្មមួយកើតឡើង ត្រង់ចំណុចអូរខ្លីក្នុងកសិដ្ឋាន ចិញ្ចឹមសត្វគោ-ចៀមមួយកន្លែង នៅកណ្តាលព្រៃ ស្ថិតក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជនរងគ្រោះស្លាប់ដោយ មានខ្សែចងចងគោចងដៃជើង ដេកស្លាប់ផ្កាប់មុខក្នុងកសិដ្ឋាន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចាន់ បូវ៉ាន់ ភេទប្រុស អាយុ២៦ ឆ្នាំ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយអំពើឃាតកម្មកើនឡើង ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ស្រេង សែ ភេទប្រុស អាយុ៥០ឆ្នាំឪពុក។ ទី២. ឈ្មោះ លីម មេងលុង ភេទប្រុស អាយុ២៣ឆ្នាំជាកូន។ ទី៣.ឈ្មោះ លីម មេងស្រុងភេទប្រុសអាយុ ១៩ឆ្នាំជាកូន។
មន្ត្រីជំនាញនិងក្រុមគ្រូពេទ្យ បានធ្វើកោសល្យវិច័យសាកសពឃើញថា សពជនរងគ្រោះត្រូវបានគេវាយ រហូតដោយបាក់កបាត់បង់ជីវិត ៕