ភ្នំពេញ៖ ពេលឪពុកម្តាយមិននៅ កូនប្រុសដែលប្រើគ្រឿងញៀន បានយកភ្លើងដុតផ្ទះបណ្ដាលឱ្យឆេះអស់ និងខូចខាតគិតជាប្រាក់ប្រមាណ ២ម៉ឺនដុល្លារ។ ករណីនេះស្ថិតនៅម្តុំចម្ការមួយ ក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
ផ្ទះមួយខ្នងដែលឆេះទំហំ ៧គុណ៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តារ រនាបក្រាលក្តារដំបូលប្រក់ក្បឿង ។ ម្ចាស់រងគ្រោះឈ្មោះ ណយ សាខុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរធ្វើចម្ការនៅភូមិកើតហេតុ។ បន្ទាប់ពីកើតហេតុជនបង្ក បានរត់គេចខ្លួនបាត់។
សម្ភារខូចខាតមាន៖ ផ្ទះឈើមួយខ្នងឆេះអស់ទាំងស្រុង, អត្តសញ្ញាណប័ណ្ណ ២សន្លឹក, សំបុត្រកំណើត ៤សន្លឹក, ប្លង់ដីចំនួន ២ប្លង់, តុឈើធ្នង់ធម្មជាតិ២, ថូផ្កាធ្នង់ ១គូ, គ្រែប្រអប់១, កង្ហារ២ និងសម្ភារប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនធំទៀត សរុបជាទឹកប្រាក់អស់ប្រមាណ ២ម៉ឺនដុល្លារ ៕


