គាំទ្រ! ចាប់ឡាន ដាក់ស៊ីផ្លេខ្យល់ បណ្ដាលឱ្យប៉ះពាល់ដល់ ធ្វើអ្នកធ្វើដំណើរ តាមដងផ្លូវ

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ សុភ័ក្រ ចារ៉ាវី ដែលបានបញ្ចេញមតិ យោបល់ (comment) ចូលក្នុងផេកហ្វេសប៊ុករបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា៖ សូមបងៗសមត្ថកិច្ច នៃស្នងការនគរបាលខេត្តកណ្ដាល ជាពិសេស ឯកឧត្តម ឈឿន សុចិត្ត សូមមេត្តាជួយអនុវត្តច្បាប់ នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលផង មានឡានដឹកដីភ្នំជាច្រើន ស៊ីផ្លេឮខ្លាំងណាស់ ហើយបើកលឿនដូចហោះ អញ្ចឹងមិនគោរពសិទ្ធិ អ្នកបើកបរដទៃ ដឹកដីមិនគ្របប៉ះពាល់ដល់ អ្នកបើកបរដូចជាម៉ូតូ ជាពិសេសនៅចំណុចផ្សារស្អាងភ្នំ ជាដើម សូមបងសមត្ថកិច្ច ជួយចុះអន្តរាគមន៍ ផងពីខ្ញុំបាទប្រជាពលរដ្ឋ នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ប្រជាពលរដ្ឋគាត់មិនពេញចិត្ត នឹងការបើកបររបស់ឡានដឹកដី នៅចំណុចឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជាដើម។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវចំពោះករណីខាងលើជាបន្ទាន់។
ជាលទ្ធផល៖
នៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងឃាត់រថយន្តបានចំនួន ១៩គ្រឿង ដកហូតស៊ីផ្លេខ្យល់៩ដើម នៅលើបណ្តោយផ្លូវជាតិលេខ២១ និងផ្លូវលេខ១២ ១០ ស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយរថយន្តទាំងនោះ ត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យា ដល់អ្នកបើកបរដូចខាងក្រោម៖
១.ចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទនិងគោរពតាមការ អប់រំណែនាំ របស់សមត្ថកិច្ច ដោយពេលដឹកជញ្ជូនខ្សាច់ឬដី ខ្ញុំបាទនិងគ្របឲ្យបានត្រឹមត្រូវ មិនឲ្យហៀរជ្រុះ ឬហូរទឹកធ្លាក់មកលើផ្លូវឡើយ។
២.ខ្ញុំបាទនិងបំពាក់ស្លាក លេខយាន មានឯកសារយាន មិនបើកបរលឿន មិនបើកវ៉ាជែង មិនស៊ីផ្លេនៅកន្លែងហាមស៊ីផ្លេ និងមិនប្រើប្រាស់ស៊ីផ្លេខ្យល់។
៣.បើខ្ញុំបាទមិនគោរពតាមកិច្ចសន្យាខាងលើ ខ្ញុំបាទនឹងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ដោយឥតប្រកែកតវ៉ាឡើយ។

ដោយឡែក ជំនាញផាកពិន័យ រថយន្តចំនួន៧គ្រឿង ៖
-ផ្ទុកសំពីងសំពោង ១គ្រឿង
-មិនពាក់ខ្សែក្រវ៉ាត់ ៦គ្រឿង
ស្មើទឹកប្រាក់ចំនួន ១,២០០,០០០រៀល។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន៕